ប្រភពពីសារព័ត៌មានថៃ បានផ្សព្វផ្សាយថា បន្ទាប់ពីរាជរដ្ឋាភិបាលថៃបានប្រកាសលុបចោលអនុស្សរណៈនៃជំនួបភាគីឆ្នាំ២០០១ ដោយបន្សល់ទុកត្រឹមអនុស្សរណៈឆ្នាំ២០០០ ក្នុងនោះកងកម្លាំងប៊ូដូផាថៃ បានរៀបចំកិច្ចប្រជុំសម្របសម្រួលកិច្ចការព្រំដែនរវាងថៃ-កម្ពុជា ដើម្បីពិភាក្សាអំពីការសម្រួលការបញ្ជូនពលរដ្ឋ និងសពអ្នកបាត់បង់ជីវិតត្រឡប់មកវិញ ដោយបញ្ជាក់ជាថ្មីអំពីឆន្ទៈក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងហាមឃាត់មិនឱ្យកើតមានសកម្មភាពញុះញង់ទាំងអស់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំនៃកាយាល័យគយ ច្រកទ្វារព្រំដែនអចិន្ត្រៃយ៍បានខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ក្រោមអធិបតីភាពរួមរវាង លោកវរសេនីយ៍ឯក ប៊ុនឆា ឆានឆលាត អនុមេបញ្ជាការកងកម្លាំងប៊ូដូផា និងជាអនុប្រធានការិយាល័យសម្របសម្រួលកិច្ចការព្រំដែនថៃ-កម្ពុជា (តំណាងមជ្ឈមណ្ឌលប្រតិបត្តិការយោធភូមិភាគទី១ ភាគីថៃ) និងភាគីកម្ពុជាក្រោមវត្តមានឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត អនុប្រធានការិយាល័យសម្របសម្រួលកិច្ចការព្រំដែនកម្ពុជា-ថៃ រួមជាមួយតំណាងអង្គភាពទំនាក់ទំនងព្រំដែនប្រចាំតំបន់ប៉ោយប៉ែត។

ក្នុងកិច្ចប្រជុំនោះក៏បានសង្កត់ធ្ងន់បានឱ្យដឹងថា ភាគីទាំងពីរបង្ហាញឆន្ទៈលើការអនុវត្តតាមស្មារតីរួមនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដោយឈរលើគោលការណ៍ស្មោះត្រង់ គ្មានការឌឺដង ឬសកម្មភាពញុះញង់ និងត្រូវជូនដំណឹងជាមុនរាល់ពេលមានគណៈប្រតិភូចុះត្រួតពិនិត្យផ្ទាល់ដី ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ។

សារព័ត៌មានថៃក៏បានបញ្ជាក់ពីលទ្ធផល និងកិច្ចព្រមព្រៀងសំខាន់ៗទាំង ៧ ចំណុចនៅក្នុងកិច្ចប្រជុំសម្របសម្រួលកិច្ចការព្រំដែន និងសន្តិសុខនោះ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងលើក្របខ័ណ្ឌប្រតិបត្តិការរួមមាន៖

១. ការសម្រួលផ្នែកសុខាភិបាល និងមនុស្សធម៌៖ សម្រួលនីតិវិធីក្នុងការបញ្ជូនអ្នកជំងឺ និងការដឹកជញ្ជូនសពអ្នកបាត់បង់ជីវិតរវាងកម្ពុជា និងថៃ។

២. ការបញ្ជូនពលករខុសច្បាប់៖ សម្របសម្រួលការបញ្ជូនពលរដ្ឋដែលលួចឆ្លងដែនខុសច្បាប់ត្រឡប់ទៅវិញ ទៅតាមនីតិវិធីច្បាប់នៃប្រទេសនីមួយៗ។

៣. ការជូនដំណឹងមុនពេលចុះបេសកកម្ម៖ ត្រូវផ្លាស់ប្តូរព័ត៌មានជាមុន នៅពេលមានគណៈប្រតិភូចុះបេសកកម្មត្រួតពិនិត្យនៅតាមបណ្តោយព្រំដែន ក្នុងតំបន់ទទួលខុសត្រូវ ដើម្បីបង្ការការយល់ច្រឡំ។

​៤. ការកំណត់ច្រកផ្លូវការ៖ យកច្រកទ្វារអន្តរជាតិភ្នំដី-ខៅឌីន និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ជាច្រកកណ្តាលសម្រាប់ផ្តល់ព័ត៌មាន ឯកសារ និងការបញ្ជូនផ្សេងៗ (ពលករ អ្នកជំងឺ និងសាកសព)។

៥. ការកម្រិតវិន័យកងទ័ពជួរមុខ៖ ណែនាំកងកម្លាំងឈរជើងនៅជួរមុខនៃភាគីទាំងពីរ ឱ្យប្រកាន់ខ្ជាប់នូវវិន័យយោធាយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំង MOU ឆ្នាំ២០០០។

៦. ការអប់រំផ្សព្វផ្សាយ៖ រួមគ្នាផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃការលួចឆ្លងដែនដោយខុសច្បាប់។

៧. ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ៖ សហការគ្នាតាមដាន និងប្រឆាំងការផ្សព្វផ្សាយព័ត៌មានបំពុល ឬព័ត៌មានក្លែងក្លាយ (Fake News) ដែលអាចបង្កផលប៉ះពាល់ដល់បរិយាកាស និងស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែន៕

Share.