កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុងស្រុកទាំង១៣ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន។




ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក និងយុវជនជាច្រើនរូប។
អភិបាលខេត្តបានបញ្ជាក់ថា ជំងឺគ្រុនឈាមនៅតែជាក្តីកង្វល់ ព្រោះករណីឆ្លងនៅមានជាបន្តបន្ទាប់ ដូច្នេះការផ្តល់ម៉ាស៊ីនបាញ់ថ្នាំនេះ គឺដើម្បីឱ្យមូលដ្ឋានអាចអន្តរាគមន៍បានទាន់ពេលវេលា និងចំគោលដៅ។
អភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរក្រុងស្រុក សហការជាមួយមន្ទីរសុខាភិបាល តាមដានស្ថានភាពជំងឺ និងកំណត់ទីតាំងឆ្លងឱ្យបានច្បាស់ ដើម្បីចុះបាញ់ថ្នាំសម្លាប់មូសឱ្យបានទូលំទូលាយក្នុងតំបន់ដែលមានករណីឆ្លង មិនត្រឹមតែផ្ទះអ្នកជំងឺប៉ុណ្ណោះទេ។
ជាមួយគ្នានេះ ក៏បានជំរុញឱ្យមានការចែកចាយថ្នាំអាបែតទៅតាមមូលដ្ឋាន ដើម្បីកម្ចាត់ដង្កូវទឹក និងទប់ស្កាត់ការកើតមានមូសខ្លា។
អភិបាលខេត្តបានបញ្ជាក់ថា ការប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំ គឺជាវិធានការអន្តរាគមន៍ចំគោលដៅ មិនអាចគ្របដណ្តប់ទូទាំងមូលដ្ឋានបានទាំងស្រុងទេ ហើយការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។
អភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋ លុបបំបាត់ប្រភពទឹកដក់ជុំវិញផ្ទះ ដូចជា កំប៉ុង ដប និងសំបកកង់ ដើម្បីកុំឱ្យក្លាយជាកន្លែងបង្កាត់ពូជមូសខ្លា។
សូមបញ្ជាក់ថា ក្នុងការប្រគល់នេះ មួយក្រុងស្រុកទទួលបានម៉ាស៊ីនបាញ់ថ្នាំខ្នាតធំ១គ្រឿង និងខ្នាតតូច២គ្រឿង សម្រាប់ប្រើប្រាស់នៅមូលដ្ឋាន៕
អត្ថបទ៖ ចតុម្មុខ

