ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងហាងបាយចិនមួយ ដែលក្លែងបន្លំបើកអាជីវកម្ម ប៉ុន្តែបង្កប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិនពាក់ព័ន្ធចំនួន ១២នាក់ និងដកហូតវត្ថុតាងជាច្រើន។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០០៖០៩នាទី រំលងអធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចហាងបាយ «ថូវប៉ាវ» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ជាលទ្ធផល សមត្ថកិច្ចបាននាំខ្លួនមនុស្សសរុប ១៥នាក់ ក្នុងនោះមានបុគ្គលិកអនឡាញជនជាតិចិន ៨នាក់ ម្ចាស់ហាងជនជាតិចិន ៤នាក់ និងសាក្សីជនជាតិខ្មែរ ៣នាក់។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត Toyota Land Cruiser ១គ្រឿង ទូរសព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន ១៧គ្រឿង ទូរសព្ទសម្រាប់ប្រតិបត្តិការអនឡាញ ១១២គ្រឿង កុំព្យូទ័រយួរដៃ ២២គ្រឿង ព្រមទាំងទូរដែក លិខិតឆ្លងដែន កាតធនាគារ អត្តសញ្ញាណបណ្ណសញ្ជាតិចិន និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត។

បច្ចុប្បន្ន ជនពាក់ព័ន្ធ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តតាមផ្លូវច្បាប់។

អត្ថបទ៖ ព្រះសីហនុ

Share.