អាជ្ញាធរថៃបានបញ្ជាក់នៅថ្ងៃទី ២៩ ខែកក្កដា ថា យូធូបប៊ឺរ៍ទេសចរណ៍ជនជាតិថៃ លោក Hlun Solo បានទទួលមរណភាពនៅក្នុងប្រទេសហ្សកហ្ស៊ី បន្ទាប់ពីបានបាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរម្នាក់ឯងកាលពីដើមខែកក្កដា នេះ។

លោក Bowornthat ដែលគេស្គាល់នៅលើបណ្តាញសង្គមថា Hlun Solo ទទួលបានការគាំទ្រយ៉ាងច្រើនតាមរយៈការថតវីដេអូឯកសារពីការធ្វើដំណើរម្នាក់ឯងនៅជុំវិញពិភពលោក។ ឆានែល YouTube របស់លោកមានអ្នកចូលជាវ (Subscribers) ជិត ១ លាននាក់ និងមាន​ Follower ជាង 3M នៅ​លើ​ផេក Facebook។

ក្រសួងការបរទេសថៃបានអះអាងអត្តសញ្ញាណរបស់អ្នកបង្កើតមាតិការូបនេះថាឈ្មោះ Bowornthat Pengsuk (ឬរាយការណ៍ថា Bavorntat Pengsook) ហើយបានឱ្យដឹងថា ក្រសួងកំពុងធ្វើការជាមួយស្ថានទូតរាជថៃប្រចាំទីក្រុងអង់ការ៉ា (Ankara) និងអាជ្ញាធរហ្សកហ្ស៉ី ដើម្បីបញ្ជូនសពរបស់លោកត្រឡប់មកប្រទេសថៃវិញសម្រាប់ធ្វើបុណ្យតាមប្រពៃណី។

ការបញ្ជាក់នេះបានធ្វើឡើងជាងពីរសប្ដាហ៍ បន្ទាប់ពីគ្រួសាររបស់លោក Bowornthat បានបាត់បង់ការទាក់ទងជាមួយរូបលោកដែលមានអាយុ ២៧ ឆ្នាំ ខណៈពេលដែលលោកកំពុងធ្វើដំណើរតែម្នាក់ឯងនៅក្នុងប្រទេសហ្សកហ្ស៊ី ដើម្បីថតវីដេអូសម្រាប់ឆានែលទេសចរណ៍ដ៏ពេញនិយមរបស់លោក។ ការបាត់ខ្លួនរបស់លោកបានធ្វើឱ្យមានការស្វែងរកជាសាធារណៈដែលដឹកនាំដោយសាច់ញាតិ មិត្តភក្តិអ្នកបង្កើតមាតិកា និងអ្នកគាំទ្ររាប់ពាន់នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ អ្នកនាំពាក្យក្រសួងការបរទេស លោក Jaithai Upakaranitikaset បានឱ្យដឹងថា មន្ត្រីស្ថានទូតបានធ្វើដំណើរទៅកាន់ប្រទេសហ្សកហ្ស៊ី និងបានជួបជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់លោក Bowornthat។ ស្ថានទូតបានជម្រាបជូនគ្រួសាររបស់លោក និងបន្តផ្តល់ជំនួយ ខណៈដែលអាជ្ញាធរហ្សកហ្ស៊ីកំពុងស្រាវជ្រាវលើករណីនេះ។

អាជ្ញាធរមិនទាន់បានបញ្ចេញមូលហេតុនៃការស្លាប់នៅឡើយទេ។

សារព័ត៌មានហ្សកហ្ស៊ី Civil.ge បានរាយការណ៍ថា ប៉ូលីសបានប្រទះឃើញសពរបស់លោក Bowornthat នៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងរាជធានី Tbilisi។ អាជ្ញាធរបានបើកការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើករណី “ការញុះញង់ឱ្យធ្វើអត្តឃាត” ដែលជាបទបញ្ញត្តិប៉ូលីសហ្សកហ្ស៊ីទូទៅប្រើប្រាស់នៅពេលដែលមានមនុស្សស្លាប់ក្រោមស្ថានភាពមិនច្បាស់លាស់ ក្នុងអំឡុងពេលអ្នកស៊ើបអង្កេតកំណត់មូលហេតុនៃការស្លាប់។ ការបើកសំណុំរឿងនេះមិនមែនជាន័យថាប៉ូលីសបានសន្និដ្ឋានថាការធ្វើអត្តឃាតជាមូលហេតុនៃការស្លាប់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទជុំវិញករណីនេះនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ សារព័ត៌មាន OC Media របស់ ហ្សកស៉ី បានរាយការណ៍ថា អាជ្ញាធរបានប្រទះឃើញសពរបស់លោក Bowornthat នៅថ្ងៃទី ១៤ ខែកក្កដា ពោលគឺត្រឹមតែមួយថ្ងៃបន្ទាប់ពីគ្រួសាររបស់លោកបានទាក់ទងលោកជាលើកចុងក្រោយ ប៉ុន្តែមិនបានប្រកាសជាសាធារណៈអំពីការស្លាប់របស់លោកទេ រហូតដល់ថ្ងៃទី ២៩ ខែកក្កដា។

ក្នុងអំឡុងពេលនោះ គ្រួសាររបស់លោក Bowornthat បានបន្តស្វែងរកលោក។ នៅថ្ងៃទី ២៨ ខែកក្កដា បងប្រុសរបស់លោក ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Klose Mos បានអំពាវនាវសុំព័ត៌មាននៅលើបណ្តាញសង្គម ដោយនិយាយថា គ្រួសារមិនអាចទាក់ទងលោកបានទេចាប់តាំងពីថ្ងៃទី ១៣ ខែកក្កដា តាមទូរស័ព្ទ ឬតាមបណ្តាញ​អនឡាញណាមួយឡើយ។

សារព័ត៌មាន The Georgian ក៏បានរាយការណ៍ផងដែរថា ស្ថានទូតថៃប្រចាំទីក្រុងអង់ការ៉ា បានបន្តបង្ហោះបច្ចុប្បន្នភាពអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកធ្វើដំណើរដែលបាត់ខ្លួន ត្រឹមតែប៉ុន្មានម៉ោងមុនពេលអាជ្ញាធរហ្សកហ្ស៊ីបានបញ្ជាក់ពីការស្លាប់របស់លោក។ វា នៅតែមិនច្បាស់ថាតើអាជ្ញាធរហ្សកហ្ស៊ីបានស្គាល់អត្តសញ្ញាណរបស់លោក Bowornthat នៅពេលណា ឬនៅពេលណាដែលពួកគេបានជូនដំណឹងដល់មន្ត្រីថៃ និងគ្រួសាររបស់លោក។

អ្នកឥទ្ធិពលលើបណ្តាញសង្គម (Influencer) ជនជាតិថៃម្នាក់ទៀត បានប្រកាសជាលើកដំបូងអំពីការស្លាប់របស់លោក Bowornthat លើបណ្តាញសង្គមនៅថ្ងៃទី ២៩ ខែកក្កដា បន្ទាប់ពីបានសម្របសម្រួលជាមួយបងប្រុសរបស់លោក និងប៉ូលីសក្នុងប្រទេសហ្សកហ្ស៊ី។ អ្នកឥទ្ធិពលរូបនោះបាននិយាយថា គ្រួសារបានផ្តល់ការអនុញ្ញាតឱ្យចែករំលែកព័ត៌មានជាសាធារណៈ ដើម្បីឱ្យសកម្មភាពស្វែងរកដោយស្ម័គ្រចិត្តអាចបញ្ចប់។

Share.