ភ្នំពេញ៖ តាមការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញសារព័ត៌មានថា សមត្ថកិច្ចកំពុងចាត់ការយ៉ាងម៉ឺងម៉ាត់លើករណីស្ត្រីម្នាក់បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមន្ត្រីសាធារណការម្នាក់បាត់បង់ជីវិត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១៖៣០ នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។




ស្ត្រីអ្នកបើកបររថយន្តម៉ាក AVATR 11 ពាក់ស្លាកលេខកម្ពុជា V.C.8989 ឈ្មោះ សាម ម៉ីជូ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៧៨៩K ផ្លូវលេខ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងជាមន្ត្រីបម្រើការងារនៅមន្ទីរពិសោធន៍សំណង់ និងសាធារណការ។
គួរបញ្ជាក់ថា តាមការចែករំលែកនៅលើបណ្តាញសង្គម Facebook ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីជាអ្នកបើកបររថយន្ត ត្រូវបានគេអះអាងថា បានឡើងជិះរថយន្តតាមកម្មវិធី PassApp គេចចេញពីកន្លែងកើតហេតុ។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់នេះ ត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គម ហើយខ្លះបានទាញភ្ជាប់ស្រ្តីរូបនេះថា ជាម្ចាស់ហាង Baby Outlet រហូតធ្វើឲ្យមានប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមពហិការ និងមិនគាំទ្រហាងមួយនេះ។
ក្រោយឃើញព័ត៌មានដូចនេះ បេប៊ីអោតឡេត (Baby Outlet) បានចេញសេចក្តីជូនដំណឹង ដោយប្រកាសថា មិនមានអ្វីពាក់ព័ន្ធជាមួយអ្នកស្រី សាម ម៉ីជូ នោះទេ ខណៈម្ចាស់ក្រុមហ៊ុនបេប៊ីអោតឡេត រួមមាន៖ លោក ឈិន រ៉ាឌី, លោក កែវ ឡង់ឌី, អ្នកស្រី កែវ កញ្ញាវាសនា, លោក ឈិន រ៉ាវ៉ាន់៕

