ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១៣ ឈ្មោះ Dolphin (T2613) ដែលបានវិវត្តទៅជាព្យុះសង្ឃរា កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីនៅតំបន់ឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។

តាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រមាណ ៤០% ខណៈតំបន់ខ្ពង់រាបអាចមានភ្លៀងប្រមាណ ៥០%។

ដោយឡែក តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើនជាងគេ ដោយគ្របដណ្តប់រហូតដល់ ៧០% ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ដែលងាយរងផលប៉ះពាល់៕

Share.