ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបករណីចាប់ជំរិតទារប្រាក់យ៉ាងក្តៅគគុក រហូតឈានដល់ការរំដោះជនរងគ្រោះដោយសុវត្ថិភាព និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន ៤នាក់ជាបន្តបន្ទាប់។


ហេតុការណ៍ចាប់ជំរិតនេះបានកើតឡើងកាលពីវេលាម៉ោង ៣:៥៨នាទីរំលងអធ្រាត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្បែរផ្សារទំនើប វ័នតា (ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ)។ ក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចាប់បង្ខំជនរងគ្រោះឈ្មោះ LI BINGHUI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បញ្ចូលទៅក្នុងរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ដើម្បីជំរិតទារប្រាក់នៅក្នុងរថយន្តនោះតែម្តង។


ក្រោយទទួលបានព័ត៌មានភ្លាមៗ នៅវេលាម៉ោង ១៥:៣៥នាទី នាថ្ងៃដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការយ៉ាងស្និទ្ធស្នាលជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបានដោយជោគជ័យ នៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ LIU HAILONG ភេទប្រុស ជនជាតិចិន។
មិនបោះបង់ការស្រាវជ្រាវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានបន្តបើកការស្រាវជ្រាវយ៉ាងក្តៅគគុក ដោយមានការសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត-រាជធានីជាច្រើន រួមមាន៖ ខេត្តព្រះសីហនុ, កំពត, កំពង់ឆ្នាំង, បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង។

ជាលទ្ធផល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួន រហូតឈានទៅចាប់ខ្លួនជនសង្ស័យបន្ថែមបានចំនួន ៣នាក់ទៀត រួមមាន៖ ១. ឈ្មោះ PANG WEIGANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (កាន់លិខិតឆ្លងដែនលេខ EL7880793)។ ២. ឈ្មោះ HU HAIPENG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន (កាន់លិខិតឆ្លងដែនលេខ ER2360242) ឃាត់ខ្លួននៅចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣. ឈ្មោះ LIU HAIDONG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន (កាន់លិខិតឆ្លងដែនលេខ EF8099052) ឃាត់ខ្លួននៅចំណុចភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ក្រុមជនសង្ស័យទៅឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការស្រាវជ្រាវ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

