បន្ទាយមានជ័យ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ដែលជិះរថយន្តពីរាជធានីភ្នំពេញ មកធ្វើសកម្មភាពព្រួតវាយស្ត្រីម្នាក់ដល់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួក ៣នាក់ទៀតកំពុងរត់គេចខ្លួន។

តាមសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមុខមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ៨នាក់ ជិះរថយន្ត ២គ្រឿង ចូលទៅប្រើអំពើហិង្សាលើស្ត្រីរងគ្រោះឈ្មោះ ចាន់ ស្រីណុច អាយុ ២៦ឆ្នាំ ដែលកំពុងមកដេកកំដរប្អូននៅមន្ទីរពេទ្យ បណ្តាលឱ្យរងរបួសស្រាល មុននាំគ្នាគេចខ្លួន។

ការស្រាវជ្រាវរបស់សមត្ថកិច្ចបានបង្ហាញថា មូលហេតុនៃអំពើហិង្សានេះ ផ្តើមចេញពីជម្លោះពាក្យសម្តីតាមបណ្តាញ Telegram រវាងជនរងគ្រោះ និងអតីតដៃគូស្នេហាជាស្ត្រី។ ក្រោយពីទទួលបានទីតាំងរបស់ជនរងគ្រោះ ក្រុមជនសង្ស័យបានធ្វើដំណើរពីភ្នំពេញមកបង្កហិង្សាដល់ក្នុងមន្ទីរពេទ្យតែម្តង។ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងសមត្ថកិច្ចខេត្តកណ្តាល បើកការស្រាវជ្រាវរហូតកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៥នាក់ ព្រមទាំងដកហូតរថយន្តមួយគ្រឿងដែលប្រើក្នុងការធ្វើសកម្មភាព។

ក្នុងពេលសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបាននាំគ្នាជិះរថយន្តពីភ្នំពេញមកប្រើអំពើហិង្សាលើជនរងគ្រោះមែន ខណៈជនពាក់ព័ន្ធ ៣នាក់ទៀត និងរថយន្តមួយគ្រឿងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីនាំយកមកអនុវត្តតាមច្បាប់។បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

Share.