សភាពាណិជ្ជកម្មចិនទូទៅប្រចាំប្រទេសឡាវ បានប្រាប់ទៅកាន់សមាជិករបស់ខ្លួនឱ្យត្រួតពិនិត្យអាជីវកម្ម អចលនទ្រព្យ និងសេវាកម្មរបស់ពួកគេ ដើម្បីធានាថាពួកគេមិនបានជួយសម្រួលដល់ដំណើរការប្រតិបត្តិការនៃបណ្តាញឆបោកតាមប្រព័ន្ធអុីនធឺណិតនោះឡើយ។

សភាពាណិជ្ជកម្មបានចេញលិខិតជូនដំណឹងមួយ ដោយព្រមានដល់ក្រុមហ៊ុននានាថា ប្រតិបត្តិការឆបោកបានបង្កការខូចខាតដល់ជនរងគ្រោះ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមនៃអាជីវកម្មចិននៅក្នុងប្រទេសឡាវ។
ស្ថាប័ននេះបានស្នើឱ្យអាជីវកម្មទាំងអស់ពិនិត្យមើលអចលនទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន រួមមាន ការិយាល័យ រោងចក្រ ឃ្លាំងទំនិញ អន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅ) និងអគារពាណិជ្ជកម្ម ហើយត្រូវពិនិត្យមើលថា តើក្រុមឧក្រិដ្ឋជនបានយកទីតាំងទាំងនោះទៅប្រព្រឹត្តសកម្មភាពខុសច្បាប់ដែរឬទេ។

សភាពាណិជ្ជកម្មក៏បានប្រាប់ដល់ក្រុមហ៊ុនទាំងនោះឱ្យពិនិត្យមើលអ្នកជួលឱ្យបានហ្មត់ចត់ និងជៀសវាងការផ្តល់ទីតាំងការិយាល័យ ការភ្ជាប់អុីនធឺណិត ឧបករណ៍សម្ភារៈ សេវាកម្មប្រមូលបុគ្គលិក ឬការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្រុមដែលមានការសង្ស័យថាជាក្រុមឆបោក។
អាជីវកម្មទាំងឡាយណាដែលរកឃើញសកម្មភាពសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរឡាវ និងសភាពាណិជ្ជកម្ម។ ចំពោះក្រុមហ៊ុនណាដែលជួយជ្រោមជ្រែងបណ្តាញឆបោក អាចនឹងត្រូវលុបឈ្មោះចេញពីសមាជិកភាពនៃសភាពាណិជ្ជកម្ម និងប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់។

ការបង្ក្រាបបទល្មើសស៊ីបប័រ (Cybercrime) រីករាលដាលទូទាំងប្រទេសឡាវ
ការព្រមាននេះបានធ្វើឡើង ខណៈពេលដែលប្រទេសឡាវកំពុងពង្រីកប្រតិបត្តិការបង្ក្រាបលើការឆបោកតាមអុីនធឺណិត បទល្មើសស៊ីបប័រ និងបណ្តាញល្បែងស៊ីសងខុសច្បាប់។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យរាប់រយនាក់ក្នុងការចុះឆែកឆេរនាពេលថ្មីៗនេះ រួមទាំងជនជាតិចិនដែលត្រូវចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកផងដែរ។

បទបញ្ជារបស់ក្រសួងសន្តិសុខសាធារណៈដែលបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា បានណែនាំឱ្យអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងបទល្មើសស៊ីបប័រ ការឆបោក ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ពលកម្មខុសច្បាប់ និងល្បែងស៊ីសងតាមអុីនធឺណិត។ បទបញ្ជានេះបានបង្កើតក្រុមការងារពិសេស តម្រូវឱ្យអាជ្ញាធររាយការណ៍ពីសកម្មភាពសង្ស័យ និងតម្រូវឱ្យអ្នកប្រតិបត្តិការកាមេរ៉ាសុវត្ថិភាព (CCTV) ផ្តល់រូបភាពវីដេអូជូនប៉ូលិសនៅពេលមានការស្ទើសុំ។ វាក៏បានព្រមានប្រឆាំងនឹងការគាំទ្រប្រតិបត្តិការឆបោក ឬល្បែងស៊ីសងផងដែរ ដោយអ្នកល្មើសនឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ និងការរឹបអូសទ្រព្យសម្បត្តិ។
កាលពីថ្ងៃទី ១៤ ខែកក្កដា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ១២២ នាក់ ក្នុងអំឡុងពេលនៃការចុះឆែកឆេរប្រកបដោយកិច្ចសហការលើផ្ទះជួលចំនួន ៧ ខ្នង ក្នុងខណ្ឌ Sisattanak។ ជនសង្ស័យទាំងនោះរួមមានជនជាតិចិន ម៉ាឡេស៊ី ប្រេស៊ីល មីយ៉ាន់ម៉ា អ៊ុយរ៉ូហ្គាយ និងប៉ាគីស្ថាន។ អាជ្ញាធរបាននិយាយថា គ្រាន់តែអចលនទ្រព្យមួយកន្លែង មានជនជាតិចិនស្នាក់នៅរហូតដល់ ៣៤ នាក់ទៅហើយ។
ប្រតិបត្តិការដាច់ដោយឡែកពីរផ្សេងទៀតកាលពីដើមខែកក្កដា បានឈានទៅដល់ការចាប់ខ្លួនជនជាតិចិនចំនួន ២៨ នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងតាមអុីនធឺណិតនៅផ្សារ SanJiang និងជនជាតិចិនចំនួន ២៦ នាក់ទៀតដែលត្រូវចោទប្រកាន់ពីបទប្រតិបត្តិការឆបោកវិនិយោគលើភាគហ៊ុនកូរ៉េខាងត្បូងក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម។
អាជ្ញាធរក៏បានបញ្ជូនជនសង្ស័យជនជាតិចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឡប់ទៅប្រទេសចិនវិញ ដើម្បីអនុវត្តចំណាត់ការតាមផ្លូវច្បាប់បន្ត។ កាលពីថ្ងៃទី ២៤ ខែមិថុនា ប្រទេសឡាវបានប្រគល់ខ្លួនជនជាតិចិនចំនួន ១៧០ នាក់តាមច្រកទ្វារព្រំដែនអន្តរជាតិ បូកតិន (Boten) បន្ទាប់ពីប៉ូលិសបានចោទប្រកាន់ពួកគេថាបានប្រតិបត្តិការប្រព័ន្ធទូរគមនាគមន៍ និងការឆបោកតាមអុីនធឺណិត ខណៈពេលកំពុងរស់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសឡាវ៕

