ស្ថានការណ៍នៅខេត្តភាគខាងត្បូងប្រទេសថៃបានឡើងកម្ដៅជាថ្មី បន្ទាប់ពីមានហេតុការណ៍បំផ្ទុះរថយន្តកែច្នៃ
(Car Bomb) នៅមុខប៉ុស្តិ៍នគរបាលតាន់យ៉ុង និងការលួចវាយប្រហារលើចំណុចត្រួតពិនិត្យប៊ូកេះសាមី ក្នុងខេត្តនរាធិវាស កាលពីថ្ងៃទី ២១-២២ កក្កដា ២០២៦ ដែលបណ្តាលឱ្យទាហានព្រាន ៥ នាក់ស្លាប់ និងប្រជាពលរដ្ឋ ៥ នាក់ទៀតរងរបួស។

ហេតុការណ៍នេះបានរុញច្រានឱ្យ «ខេត្តណារ៉ាត់ធិវ៉ាត់» ត្រូវធ្លាក់ក្រោមការដាក់ប្រកាស «ច្បាប់អាជ្ញាសឹក» ដោយផ្តល់អំណាចពេញដៃដល់កងទ័ពក្នុងការបង្កើតចំណុចត្រួតពិនិត្យ ឆែកឆេរយានយន្ត/លំនៅឋាន និងឃាត់ខ្លួនជនសង្ស័យ។ បទបញ្ជានេះក៏បានអនុញ្ញាតឱ្យមន្ត្រីអាវុធហត្ថ និងទាហានអាចប្រើប្រាស់អាវុធបានភ្លាមៗក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងបង្កើនការល្បាតតាមផ្លូវទឹក និងសមុទ្រ ដោយកងទ័ពជើងទឹក ដើម្បីទប់ស្កាត់ការគេចខ្លួនឆ្លងដែនទៅកាន់រដ្ឋកលានតាន់ ប្រទេសម៉ាឡេស៊ី។

ការរឹតបន្តឹងសន្តិសុខយ៉ាងម៉ឺងម៉ាត់នេះ កើតមានឡើងចំពេលដែលតំបន់ភាគខាងត្បូងឈានចូលដល់ «ថ្ងៃនិមិត្តរូប» នៃខួបបង្កើតចលនារដ្ឋប៉ាតានី (១ សីហា) ដែលក្រុមសកម្មប្រយុទ្ធ BRN តែងតែប៉ុនប៉ងបង្កើតហេតុការណ៍ហិង្សា និងសន្សំអាវុធដើម្បីបង្ហាញអត្ថិភាពរបស់ខ្លួន។


ទោះបីជារដ្ឋាភិបាលថៃបានចាក់បញ្ចូលថវិកាយ៉ាងមហាសាល និងប្រមូលផ្តុំកម្លាំងស្ថាប័នពាក់ព័ន្ធរហូតដល់ ៥៥ អង្គភាពយ៉ាងណាក៏ដោយ ក៏ការដោះស្រាយវិបត្តិនេះនៅតែមិនទាន់ទទួលបានផ្លែផ្កា។ អសមត្ថភាពក្នុងការលុបបំបាត់ «អំណាចងងឹត និងអាជីវកម្មពណ៌ខ្មៅ» ដូចជាការជួញដូរគ្រឿងញៀន និងទំនិញគេចពន្ធ ត្រូវបានគេមើលឃើញថាជាប្រភពទុនដ៏សំខាន់ដែលជ្រោមជ្រែង និងពន្យារពេលអំពើហិង្សា។


បច្ចុប្បន្ន រដ្ឋាភិបាលថៃកំពុងរៀបចំកិច្ចប្រជុំបន្ទាន់ និងបង្កើនកិច្ចសហការជាមួយម៉ាឡេស៊ី ដើម្បីបិទផ្លូវមិនឱ្យក្រុមបង្កហេតុប្រើប្រាស់ទឹកដីជិតខាងជាកន្លែងជ្រកកោន។ យ៉ាងណាមិញ ដោយសារតែការដោះស្រាយបញ្ហាខ្វះភាពស៊ីសង្វាក់គ្នារវាងវិស័យនយោបាយ យោធា និងសេដ្ឋកិច្ច គោលដៅរបស់រដ្ឋាភិបាលថៃក្នុងការ «ពន្លត់ភ្លើងសង្គ្រាមភាគខាងត្បូងឱ្យបានត្រឹមឆ្នាំ ២០២៧» ត្រូវបានគេវាយតម្លៃថា កាន់តែស្រពិចស្រពិល និងពិបាកនឹងសម្រេចបានទៅហើយ៕



