នាយកដ្ឋានធនធានរ៉ែនៃប្រទេសថៃ បានចេញសេចក្តីព្រមានបន្ទាន់ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តចំនួន១៥ រួមមានខេត្តតាក ម៉ែហុងសន ឈៀងម៉ៃ ឡាំភូន ឈៀងរ៉ៃ ណាន ផាយ៉ាវ ព្រែ អ៊ុតារ៉ាឌីត ភេតឆាប៊ុន កញ្ចនបុរី ចន្ទបុរី ត្រាត រ៉ាក់ណង និងផាំងង៉ា ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ ស្ថានភាពអាសន្ននេះកើតឡើងដោយសារឥទ្ធិពលជ្រលងមូសុង និងខ្យល់មូសុងនិរតីបក់បោកខ្លាំង បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា និងកម្រិតទឹកភ្លៀងកើនឡើងលើសពី ១៥០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង ដែលបានធ្វើឱ្យដីជ្រាបទឹក និងជន់លិចតំបន់មួយចំនួនរួចស្រេចទៅហើយ។

ទោះជាយ៉ាងណា សេចក្តីប្រកាសអាសន្នដដែលៗ រៀងរាល់ឆ្នាំនេះ បានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាជ្ញាធរថៃ។ ការដែលក្រសួង និងមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយ បន្តទម្លាក់បន្ទុកនៃការតាមដាន និងផ្តល់ព័ត៌មានអាសន្នទៅលើក្រុមអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខកខានក្នុងការបង្កើតប្រព័ន្ធព្រមានមុនបែបស្វ័យប្រវត្តិនៃបច្ចេកវិទ្យាទំនើប ឱ្យគ្របដណ្តប់លើតំបន់ភ្នំ និងតំបន់ប្រឈមមុខខ្ពស់។

លើសពីនេះ ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលកើតឡើងឥតឈប់ឈរ ក៏ជាសាក្សីបង្ហាញពីបរាជ័យនៃការគ្រប់គ្រងដីធ្លី ការបណ្ដែតបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំ និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកស្ដង់ដារ ដែលបង្កឱ្យប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះនៅតែបន្តរស់នៅក្នុងភាពប្រឈម និងភ័យខ្លាចជារៀងរាល់រដូវភ្លៀង ដោយគ្មានដំណោះស្រាយយូរអង្វែងនោះឡើយ៕

ប្រភព៖ Khoasod English

Share.