ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងនគរបាលជាតិកម្ពុជា និងភាគីសិង្ហបុរី បានបន្តបង្ហាញលទ្ធផលជាផ្លែផ្កា ខណៈកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ រួមទាំងបណ្តាប្រទេសដៃគូ បានសហការយ៉ាងជិតស្និទ្ធក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានមេក្លោងជាជនជាតិសិង្ហបុរី និងធ្វើសកម្មភាពពីប្រទេសកម្ពុជា។


ប្រតិបត្តិការរួមនេះ ត្រូវបានវាយតម្លៃថា ជាជោគជ័យមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលជាបញ្ហាប្រឈមរួមរបស់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ជាការទទួលស្គាល់ចំពោះស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចូលរួមទទួលពានរង្វាន់ និងលិខិតសរសើរ ក្នុងពិធីដែលបានប្រារព្ធឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាបណ្ឌិត្យសភាកងកម្លាំងនគរបាលសិង្ហបុរី។
ការផ្តល់ពានរង្វាន់ និងលិខិតសរសើរនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះសមត្ថភាពវិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររបស់នគរបាលជាតិកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្ត និងភាពជាដៃគូដ៏រឹងមាំរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។


សមិទ្ធផលនេះ ត្រូវបានចាត់ទុកជាមោទកភាពថ្មីមួយទៀតរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

