តំបន់មុំបី៖ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយារបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារយោធិននារីកងពល ចុះបំពេញបេសកកម្មមនុស្សធម៌ជាលើកទី១៧ នៅតំបន់មុំបី ដើម្បីធ្វើម្ហូបអាហារ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនយុទ្ធជនជួរមុខ។




ក្នុងបេសកកម្មនេះ លោកជំទាវ និងយោធិននារីកងពល បានចុះចង្ក្រានស្លដាំដោយផ្ទាល់ ដោយរៀបចំម្ហូបអាហារក្តៅៗ រួមមានស៊ុប ម្ហូបខ និងមុខម្ហូបផ្សេងៗ ព្រមទាំងភេសជ្ជៈ និងកាហ្វេ ប្រកបដោយអនាម័យ ដើម្បីឱ្យបងប្អូនយុទ្ធជនបានទទួលទានអាហារប្រកបដោយភាពកក់ក្តៅ និងបង្កើនកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចការពារជាតិ។




ក្រៅពីការរៀបចំម្ហូបអាហារ លោកជំទាវ ចាយ ច័ន្ទរ៉ានី ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមានទឹកសុទ្ធ ពងទា សាច់ជ្រូក បង្គា បន្លែ ប្រេងឆា មី អំបិល ស្ករស ខ្ទឹមស ខ្ទឹមក្រហម ប្រហុក ផ្អក តង់ និងសម្ភារចាំបាច់ផ្សេងៗ ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងកងតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងនៅតំបន់មុំបី ដើម្បីគាំទ្រដល់ជីវភាព និងការហូបចុកប្រចាំថ្ងៃរបស់កងទ័ព។




សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការគិតគូរ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សមរភូមិក្រោយ ចំពោះសុខទុក្ខរបស់កងទ័ពជួរមុខ។ វាមិនត្រឹមតែផ្តល់ជាជំនួយសម្ភារៈ និងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ថែមកម្លាំងចិត្ត និងស្មារតីដល់យុទ្ធជន ដែលកំពុងបំពេញភារកិច្ចដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។




កាយវិការដ៏ទន់ភ្លន់ ប៉ុន្តែពោរពេញដោយស្មារតីលះបង់របស់លោកជំទាវ ចាយ ច័ន្ទរ៉ានី និងក្រុមយោធិននារីកងពល បានបង្ហាញឱ្យឃើញពីចំណងសាមគ្គីភាពដ៏រឹងមាំរវាងសមរភូមិក្រោយ និងសមរភូមិមុខ ដែលជាកម្លាំងជំរុញឱ្យកងទ័ពកម្ពុជាបន្តឈរជើងយ៉ាងមុតមាំ ដើម្បីបំពេញបេសកកម្មការពារជាតិ និងប្រជាជន។

