ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះពិនិត្យ និងណែនាំម្ចាស់រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ក្រោយរកឃើញការដុតឡយកចំហាយកំដៅ បណ្តាលឲ្យមានផ្សែងហុយ ប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជិតខាង។


រោងចក្រខាងលើ មានឈ្មោះ ស៊ីនើជី អ៊ិនធើណេសិនណល ហ្គាមិន ខូល អិលធីឌី ស្ថិតនៅក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយការចុះពិនិត្យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
តាមអាជ្ញាធរបានឱ្យដឹងថា សកម្មភាពដុតឡយកចំហាយកំដៅ បានបង្កឲ្យមានផ្សែងហុយប៉ះពាល់ដល់គុណភាពខ្យល់ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជិតខាង។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ឫស្សីកែវ បានសហការជាមួយមន្ទីរបរិស្ថាន ចុះអធិការកិច្ច និងដាក់វិធានការបន្ទាន់។
ក្នុងនោះ អាជ្ញាធរបានហាមឃាត់ការដុតសំណល់ឧស្សាហកម្ម ឬសំណល់ហាមឃាត់គ្រប់ប្រភេទ ក្នុងឡចំហាយក្តៅ ហើយបានណែនាំឲ្យម្ចាស់រោងចក្ររកអ្នកបច្ចេកទេស ដើម្បីកែលម្អ និងបំពាក់ប្រព័ន្ធចម្រោះសម្អាតផ្សែង តាមលក្ខណៈបច្ចេកទេស សម្រាប់ធានាគុណភាពខ្យល់នៅតំបន់រស់នៅ។
ជាមួយគ្នានេះ មន្ទីរបរិស្ថានក៏បានចេញលិខិតបញ្ជាឲ្យរោងចក្រធ្វើការកែប្រែបញ្ហាប៉ះពាល់បរិស្ថាន ដើម្បីបង្ការការប៉ះពាល់បន្តទៅលើសុខភាពប្រជាពលរដ្ឋ និងបរិស្ថាននៅតំបន់នោះ៕
អត្ថបទ៖ តាតុងសែនជ័យ

