នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កម្ពុជាបានទាមទារយ៉ាងដាច់អហង្ការឱ្យមានការទទួលខុសត្រូវ និងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិ ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានបង្កការខូចខាត និងបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងសម័យប្រជុំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៦២ រួមទាំងអង្គការអន្តរជាតិ និងស្ថាប័នសង្កេតការណ៍ជាច្រើន អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ធនូវសេចក្តីសម្រេចចិត្ត ថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធ។ ការអនុម័តនេះ ផ្អែកលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ ព្រមទាំងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធា។

យ៉ាងណាមិញ តបតាមការអញ្ជើញរបស់អង្គការ UNESCO ឯកឧត្តម សួស យ៉ារ៉ា បានដឹកនាំគណៈប្រតិភូថ្លែងការណ៍យ៉ាងម៉ឹងម៉ាត់ ដោយបានទម្លាក់បន្ទុក និងរំលេចយ៉ាងច្បាស់អំពីអំពើបំពានរបស់ភាគីថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការវាយប្រហារ និងការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកដែលបង្កឡើងដោយយោធាថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលភាគីថៃដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខសហគមន៍អន្តរជាតិ។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាបានជំរុញឱ្យមានការបង្កើត «បណ្តាញមិត្តភាពក្រុងបេតិកភណ្ឌ» ដើម្បីលើកកម្ពស់សន្តិភាព និងបានស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យមានប្រសិទ្ធភាព។ ជាការឆ្លើយតបនឹងការទម្លាក់បន្ទុកយ៉ាងចំៗពីភាគីកម្ពុជា គណៈប្រតិភូថៃបានស្នើសុំសិទ្ធិឆ្លើយតបភ្លាមៗទាំងរញ៉េរញ៉ៃ ប៉ុន្តែត្រូវបានប្រធានសម័យប្រជុំកាត់កាលវិភាគ និងអនុញ្ញាតឱ្យថ្លែងបានត្រឹមតែ ១នាទីប៉ុណ្ណោះ។

នៅក្នុងរយៈពេល ១នាទីដ៏មានសម្ពាធនោះ តំណាងភាគីថៃមិនហ៊ានសូម្បីតែបដិសេធ ឬឆ្លើយតបត្រង់ៗជុំវិញការបំពាន និងការបំផ្លិចបំផ្លាញដែលបង្កឡើងដោយកងទ័ពរបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ភាគីថៃបានត្រឹមតែថ្លែងការពារខ្លួនទាំងភាពទាល់ច្រក ដោយបង្វែរដានថាកំពុង ផ្តោតលើការការពារតំបន់ទ្រនាប់ និងព្យាយាមអះអាងថា កំពុងចូលរួមការពារបេតិកភណ្ឌ ក្នុងបំណងបិទបាំងទង្វើឈ្លានពាន និងការល្មើសច្បាប់អន្តរជាតិដែលខ្លួនបានប្រព្រឹត្តនៅលើដីជាក់ស្តែង៕

Share.