ព្រះសីហនុ៖ បន្ទាប់ពីមានជំនន់ទឹកភ្លៀង ហូរដាច់ផ្លូវថ្នល់ និងបង្កការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ និងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យផលប៉ះពាល់ និងការខូចខាត ដើម្បីរកដំណោះស្រាយស្ថាបនាឡើងវិញ។

តាមអាជ្ញាធរបានឱ្យដឹងថា តំបន់ខាងលើ បានរងជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ហើយទឹកបានស្រកទៅវិញនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែបានបន្សល់ទុកផលប៉ះពាល់ ដោយទឹកហូរដាច់ផ្លូវ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ដោយសារតំបន់នេះ ជាតំបន់ទេសចរណ៍មានភ្ញៀវជាតិ និងអន្តរជាតិចេញចូលច្រើន អាជ្ញាធរក្រុង និងសង្កាត់ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងរៀបចំផែនការស្ថាបនា កែលម្អឡើងវិញ ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍៕

អត្ថបទ៖ តាតុងសែនជ័យ

Share.