បាត់ដំបង៖ ខណៈរាជធានី-ខេត្តមួយចំនួនកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានជំនន់ទឹកភ្លៀង និងការលិចលង់នៅតំបន់ទំនាប ខេត្តបាត់ដំបងវិញ បែរជាមានតំបន់ជាច្រើនមិនទទួលបានទឹកភ្លៀងគ្រប់គ្រាន់ ដែលបណ្តាលឱ្យដំណាំស្រូវរបស់ប្រជាកសិកររងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតលើផ្ទៃដីប្រមាណជាង ១៣ម៉ឺនហិកតា។


អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ កំពុងពន្លឿនការអន្តរាគមន៍បង្វែរទឹកពីប្រឡាយមេ និងប្រភពទឹកនានា ដើម្បីស្រោចស្រង់ដំណាំស្រូវឱ្យបានទាន់ពេលវេលា។ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រជាកសិករទូទាំងខេត្តបានដាំដុះដំណាំស្រូវសម្រេចជាង ៣១ម៉ឺនហិកតា ក្នុងចំណោមផែនការសរុប ៤៥៦,០០០ហិកតា។ក្នុងនោះ ផ្ទៃដីស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានប្រមាណជាង ១៣ម៉ឺនហិកតា។


ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការអន្តរាគមន៍របស់អាជ្ញាធរ និងមន្ទីរជំនាញ ដំណាំស្រូវលើផ្ទៃដីជាង ៧ម៉ឺនហិកតា ត្រូវបានស្រោចស្រង់រួចហើយ ខណៈផ្ទៃដីដែលនៅសេសសល់ កំពុងបន្តទទួលការអន្តរាគមន៍ ដោយបង្វែរទឹកពីប្រឡាយមេ និងប្រភពទឹកផ្សេងៗ ដើម្បីកាត់បន្ថយការខូចខាត និងរក្សាទុកផលិតភាពដំណាំរបស់ប្រជាកសិករ។



ទន្ទឹមនឹងនេះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរស្រុក-ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យចុះវាយតម្លៃផលប៉ះពាល់ជាក់ស្តែងលើដំណាំស្រូវដែលរងការខូចខាត ដើម្បីរៀបចំផែនការផ្តល់ពូជស្រូវសម្រាប់ស្តារការបង្កបង្កើនផលឡើងវិញ ឱ្យស្របតាមទំហំការខូចខាតនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការប្រមូលទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ជាពិសេសនៅតំបន់ដែលកំពុងប្រឈមនឹងការខ្វះទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំវិធានការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
អត្ថបទ÷ដំបងក្រញូង

