
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកសំណើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី អនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។


យោងតាមលិខិតសំណើផ្លូវការ ដែលចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដែលបានផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កើនគ្រោះថ្នាក់គួរឱ្យកត់សម្គាល់។ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកំណើន ២១៣លើក ស្មើ២០% (១ ១២៩លើក លើ ១០៦២លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១% (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នករបួសមានកំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)។
ចំពោះគ្រោះថ្នាក់ទាំងនេះ បានកើតឡើងដោយមូលហេតុ ការបើកបរហួសល្បឿនលឿន៤៦% ការមិនគោរពសិទ្ធិអាទិភាព ២២% ការមិនប្រកាន់ស្តាំ១២% ការវ៉ាជែង៧% ការបើកបរមិនប្រយ័ត្នចំនួន៦% ការបើកបរក្នុងស្ថានភាពស្រវឹង៥% ការមិនគោរពសញ្ញាចរាចរណ៍ ២% និងកត្តាយានជំនិះ១%។
ចំណែកគ្រោះថ្នាក់កើតឡើងច្រើន នៅរាជធានីភ្នំពេញចំនួន ៤៦១លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺ ចំនួន ៥៧លើក និងខេត្តស្វាយរៀង ចំនួន ៥៥លើក។
បើតាមការកត់សម្គាល់ ភាគច្រើនលើសលប់នៃការព្យួរគ្រោះថ្នាក់ គឺបណ្តាលមកពីកត្តាអ្នកបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស ដែលអាចបញ្ជាក់បានថា ស្មារតីអ្នកបើកបរ ខ្លាចនគរបាល ជាងខ្លាចច្បាប់។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ រួមចំណែកជម្រុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកសំណើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត សុំគោលការណ៍អនុញ្ញាតចាត់វិធានការ ដូចខាងក្រោម៖
១.ស្នើសុំអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបានផ្អាកដោយសារស្ថានភាពរលកក្តៅតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
២.ការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនឹងអនុវត្តតែនៅក្នុងភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងសញ្ញា និងការដឹកជញ្ជូនទំនិញសំរ៉ុងពោរ៕


