ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែកក្កដា) តាមម៉ោងក្នុងស្រុកថា គណៈកម្មាធិការសន្តិភាព (Board of Peace) បានឈានដល់កិច្ចព្រមព្រៀងលុបបំបាត់អាវុធទាំងស្រុងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន “ហាម៉ាស” និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។ នេះត្រូវបានចាត់ទុកជា «សមិទ្ធផលដ៏សំខាន់មួយក្នុងការអនុវត្តផែនការសកម្មភាព ២០ ចំណុចរបស់លោក ត្រាំ» ដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា។

កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តជាដំណាក់កាលៗ ដោយកងកម្លាំងអ៊ីស្រាអែលនឹងដកថយនៅពេលដែលការលុបបំបាត់អាវុធប្រព្រឹត្តទៅ ហើយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនឹងធ្វើការរួមគ្នាជាមួយកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី ដើម្បីធានាសន្តិសុខនៅក្នុងតំបន់នោះ។

នៅក្នុងឱកាសនេះ លោក ត្រាំ ក៏បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីប កាតា និងទួរគី ដែលបានធ្វើជាអាជ្ញាកណ្តាលសម្របសម្រួល។

លោក ត្រាំ បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឈានទៅរកតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីនថ្មី ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសន្តិភាពដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីន»។ លោកបានបន្ថែមថា «ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលនឹងទទួលបានសន្តិសុខសមរម្យ»។
មុននេះបន្តិចនៅថ្ងៃដដែល ប្រភពជាច្រើនបានទម្លាយថា ការចរចារវាងអ្នកសម្របសម្រួល និងមេដឹកនាំហាម៉ាសនៅទីក្រុងកែរ (Cairo) អំពីការអនុវត្តផែនការសន្តិភាពហ្គាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក មានការរីកចម្រើនខ្លះៗ ទោះបីជាមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា សំណើទាំងឡាយនៅមិនទាន់ជាទីពេញចិត្តនៅឡើយក្តី។

ចំណែកឯស្ថានការណ៍នៅផ្ទាល់ដីវិញ គ្រូពេទ្យបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាយ៉ាងហោចណាស់ ៦ នាក់ ក្នុងនោះមានកុមារ ២ នាក់។
ដោយឡែក បណ្តាញព័ត៌មាន CNN ដែលបានទាក់ទងទៅក្រុមហាម៉ាស បានរាយការណ៍ថា រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមហាម៉ាស នៅមិនទាន់បានបញ្ជាក់ពីការឈានដល់កិច្ចព្រមព្រៀង ដូចអ្វីដែលលោក ត្រាំ បានថ្លែងនោះទេ។

មន្ត្រីហាម៉ាសម្នាក់ និងអ្នកទូតដែលស្ទាត់ជំនាញលើការចរចានៅទីក្រុងកែរ បានប្រាប់រ៉យទ័រថា វឌ្ឍនភាពនេះនឹងក្លាយជាការសាកល្បងលើការឆ្លើយតបរបស់អ៊ីស្រាអែល ថាតើនឹងធ្វើឱ្យកិច្ចព្រមព្រៀងនេះលេចចេញជាផ្លែផ្កាឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលម្នាក់បានថ្លែងកាលពីមុននេះនៅថ្ងៃដដែលថា អ៊ីស្រាអែលមិនទទួលយកសំណើនេះឡើយ៕

