បាងកក៖ វិបត្តិសេដ្ឋកិច្ច និងការកកស្ទះទំនិញថៃដែលបណ្តាលមកពីការបិទច្រកព្រំដែនជាមួយកម្ពុជាអស់រយៈពេល ១ ឆ្នាំពេញ រួមផ្សំជាមួយនឹងសម្ពាធបំណុលគ្រួសារក្នុងស្រុកទៀតផងនោះ ទើបបានរុញច្រានឱ្យរដ្ឋាភិបាលក្រុងបាងកកធ្លាក់ចូលទៅក្នុងស្ថានភាពទល់ច្រកយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពដ៏ដុនដាបនេះ បានបង្ខំឱ្យនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈកុល ត្រូវចេញមុខដោយផ្ទាល់ ដើរពពាយនាយអង្វរ និងស្នើសុំការយោគយល់ពីប្រទេសឥណ្ឌូណេស៊ី ឱ្យជួយបើកទ្វារទីផ្សារទទួលទិញទំនិញថៃដែលកំពុងចាល់គ្មានកន្លែងចេញ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ ផ្សាយដោយសារព័ត៌មាន The Nation និងប្រសាសន៍ផ្ទាល់របស់លោក Anutin ជំនួបកំពូលជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងផ្តោតលើរបៀបវារៈសំខាន់ៗជាច្រើនដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ សន្តិសុខស្បៀង ថាមពល និងការអប់រំ។
គោលដៅចម្បងនៃទស្សនកិច្ចនេះ គឺរដ្ឋាភិបាលថៃមានបំណងស្នើសុំឱ្យទីក្រុងហ្សាការតា បើកផ្លូវ និងបើកទីផ្សារកាន់តែធំ សម្រាប់ទទួលយកទំនិញ សេវាកម្ម និងពាណិជ្ជករថៃ ចូលទៅវិនិយោគក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ាន និងមានប្រជាជនរហូតដល់ជាង ២៨០លាននាក់។

យ៉ាងណាម៉ិញ ដំណើរទស្សនកិច្ចការទូតជាប្រវត្តិសាស្ត្រនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នបង្ហាញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចថៃ ដែលកំពុងស្ថិតក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំង។
ក្រុមអ្នកជំនាញអន្តរជាតិ និងធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃសម្រាប់ឆ្នាំ២០២៦ នឹងមានកម្រិតទាបត្រឹមតែ ១,៦% ទៅ ២% ប៉ុណ្ណោះ។ នេះជាអត្រាកើនឡើងដ៏ទន់ខ្សោយបំផុតមួយដែលថៃមិនធ្លាប់ជួបប្រទះសោះក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយក៏ជាអត្រាទាបជាងគេក្នុងចំណោមប្រទេសសមាជិកអាស៊ានភាគច្រើន។


នៅពេលដែលនាយករដ្ឋមន្ត្រីថៃ ត្រូវចេញមុខទៅស្វែងរកការយោគយល់ និងសុំឱ្យគេបើកទីផ្សារដោយផ្ទាល់ នោះបានបង្ហាញយ៉ាងច្បាស់ថា ទំនិញថៃកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងដោយសេរី។
មិនតែប៉ុណ្ណោះ បំណុលគ្រួសារពលរដ្ឋនៅថៃបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដែលធ្វើឱ្យតម្រូវការ និងការចំណាយក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង។ ស្ថានភាពនេះបង្ខំឱ្យរដ្ឋាភិបាលថៃ ត្រូវតែពឹងផ្អែកលើទីផ្សារខាងក្រៅជាចាំបាច់ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងដែលកំពុងរង្គោះរង្គើ។
ដោយឡែកការបាត់បង់ទីផ្សារកម្ពុជា ដែលធ្លាប់ជាប្រភពស្រូបយកទំនិញប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដ៏ធំរបស់ថៃ បានធ្វើឱ្យផលិតផលថៃរាប់ពាន់មុខត្រូវចាល់ពេញឃ្លាំង។ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកដែលថ្លៃហួសហេតុ មិនអាចជួយឱ្យទំនិញថៃប្រកួតប្រជែងលើឆាកអន្តរជាតិបានឡើយ។ ក្នុងនោះធនាគារពិភពលោក ធ្លាប់បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ច (GDP) របស់ថៃសម្រាប់ឆ្នាំ២០២៦ នេះ នឹងមានកម្រិតទាបបំផុតមិនធ្លាប់មាន គឺត្រឹមតែ ១,៦% ទៅ ២% ប៉ុណ្ណោះ ដែលជាអត្រាទាបជាងគេបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ក្រៅពីគ្មានច្រកនាំទំនិញចេញទៅក្រៅប្រទេស តម្រូវការទិញនៅក្នុងស្រុកក៏ត្រូវកាត់ផ្តាច់ដូចគ្នា ដោយសារបំណុលគ្រួសារថៃហក់ឡើងដល់កម្រិតប្រកាសអាសន្ន។
ដូច្នោះហើយយើងអាចមើលឃើញខ្លះថា ប្រសិនបើដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌូណេស៊ីលើកនេះ មិនអាចជួយជ្រោមជ្រែង ឬបើកទីផ្សារថ្មីឱ្យទំនិញថៃបានទេនោះ សេដ្ឋកិច្ចថៃដែលកំពុងញាំញីដោយសារទំនិញចាល់ និងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជា ប្រាកដជាត្រូវប្រឈមនឹងរលកនៃការក្ស័យធន និងភាពវឹកវរក្នុងសង្គមយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ៕

