កំពង់ធំ៖ ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តពិសេសដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដែលទទួលបាននិទ្ទេសល្អ ខណៈក៏បានឧបត្ថម្ភថវិកា ៦០,០០០រៀលក្នុងម្នាក់ ជូនសិស្សានុសិស្សចំនួន ១១៧នាក់ សម្រាប់សម្រួលការចំណាយក្នុងការធ្វើដំណើរ ការស្នាក់នៅ និងចំណីអាហារ អំឡុងពេលទៅប្រឡងនៅក្រុងស្ទឹងសែន។


ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សថ្នាក់ទី១២ ព្រមទាំងអាណាព្យាបាល នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ មុនការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម ចាន់ យុត្ថា បានជំរុញឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងដោយសមត្ថភាព និងទទួលបានលទ្ធផលល្អ ដោយបញ្ជាក់ថា អ្នកដែលទទួលបាននិទ្ទេសល្អ នឹងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែម។


ជាមួយគ្នានេះ សិស្សានុសិស្សទាំង ១១៧នាក់ ទទួលបានថវិកា ៦០,០០០រៀលក្នុងម្នាក់ ខណៈសិស្សមានជីវភាពខ្វះខាតចំនួន ២១នាក់ ទទួលបានថវិកាបន្ថែម ៦០,០០០រៀលក្នុងម្នាក់ទៀត ដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសារ និងលើកទឹកចិត្តឱ្យអាចចូលរួមប្រឡងដោយភាពជឿជាក់។
អត្ថបទ៖កំពង់ធំ

