កំពង់ធំ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់ស្វាយ ត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់ខ្លួនបាននៅស្រុកបារាយណ៍ រួមជាមួយវត្ថុតាងម៉ូតូ ក្រោយបើកប្រតិបត្តិការស្រាវជ្រាវ និងសហការបង្ក្រាបយ៉ាងទាន់ពេលវេលា ដោយប្រើរយៈពេលជិត១ម៉ោងប៉ុណ្ណោះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ។ បើតាមលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ ករណីលួចម៉ូតូបានកើតឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ។

ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងសហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីពង្រាយកម្លាំងស្ទាក់ចាប់ជនសង្ស័យតាមផ្លូវគេចខ្លួន។

ជាលទ្ធផល នៅថ្ងៃដដែល កម្លាំងនគរបាលស្រុកបារាយណ៍ បានឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូជាវត្ថុតាង នៅចំណុចខាងមុខអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទ៖ កំពង់ធំ

Share.