ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ទឹកល្អក់ទី១ តាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៣១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបន្លំខ្លួនចូលលួចទូរស័ព្ទដៃចំនួន២គ្រឿង នៅក្នុងមន្ទីរពេទ្យកុមារជាតិ។

ជនសង្ស័យមានឈ្មោះ ប៉ែន ពុធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅ មិនពិតប្រាកដ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យបានចូលធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ២គ្រឿង នៅបន្ទប់ព្យាបាលជំងឺ អគារ A ជាន់ទី២ ក្នុងមន្ទីរពេទ្យកុមារជាតិ ស្ថិតនៅផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទូរស័ព្ទដែលត្រូវបានលួច រួមមាន ម៉ាក iPhone 16 Plus មួយគ្រឿង ជារបស់ជនរងគ្រោះឈ្មោះ ដាំ រ៉ាដែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និង iPhone 13 មួយគ្រឿង ជារបស់ជនរងគ្រោះឈ្មោះ នី ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃដដែល អាចតាមចាប់ខ្លួនជនសង្ស័យបាន និងដកហូតទូរស័ព្ទ iPhone 16 Plus មួយគ្រឿងមកវិញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ កសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួក និងទូរស័ព្ទមួយគ្រឿងទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.