យោងតាមការផ្សាយរបស់សារព័ត៌មានថៃ បានផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា បទល្មើសឆបោក និងឧក្រិដ្ឋកម្មឆ្លងដែននៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងប្រទេសថៃ និងស្តែងឱ្យឃើញយ៉ាងច្បាស់ពីចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខក្នុងប្រទេសថៃ។ ជាក់ស្ដែងថ្មីៗនេះ ករណីបោកប្រាស់លុយខ្មៅ ឬ Black Money Scam បានផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសថៃ ដោយក្រុមឧក្រិដ្ឋជនបានព្យាយាមបោកប្រាស់ និងផលិតក្រដាសប្រាក់ដុល្លារក្លែងក្លាយក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៦ លានដុល្លារអាមេរិក (ប្រមាណ ២០០ លានបាត)។

ហេតុការណ៍នេះ បានស្តែងឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចថៃបានតាមដានតម្រុយពីបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនរបស់ជនជាតិស្បែកខ្មៅ រហូតឈានទៅដល់ការក្លែងបន្លំខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។ ក្នុងព្រឹត្តិការណ៍នោះ ក្រុមជនល្មើសបានប្រព្រឹត្តសកម្មភាពយ៉ាងក្លាហាន ដោយបានចូលទៅអូសទាញភ្នាក់ងារបង្កប់ដោយអះអាងថា ពួកគេមានប្រភពដើមទុនងងឹតចំនួន ៦ លានដុល្លារ ប៉ុន្តែទឹកប្រាក់ទាំងនោះត្រូវជាប់គាំង នៅដំណាក់កាលពន្ធដារ។
ក្រុមឧក្រិដ្ឋជនទាំងនោះបានបញ្ចុះបញ្ចូលឱ្យជនរងគ្រោះរួមវិនិយោគជាសាច់ប្រាក់ថៃចំនួន ១៥០,០០០ បាត ដើម្បីរត់ការសូកប៉ាន់ក្រោមតុដោយសន្យាថា នឹងប្រើប្រាស់វិធីសាស្ត្រគីមីវិទ្យាបំប្លែងក្រដាសស-ខ្មៅទាំងនោះ ឱ្យក្លាយជាក្រដាសប្រាក់ដុល្លារអាមេរិកពិតប្រាកដ ១០០% ព្រមទាំងផ្តល់ភាគរយចំណេញរហូតដល់ ៤០% ទៀតផង។

ទោះជាយ៉ាងណា ភាពប៉ិនប្រសប់នៃល្បិចកលបោកប្រាស់នេះ ត្រូវបរាជ័យទាំងស្រុងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ នៅពេលដែលសមត្ថកិច្ចបានរៀបចំផែនការបង្ក្រាបដោយធ្វើជាយល់ព្រមមើលការបង្ហាញបច្ចេកទេសបំប្លែងក្រដាសប្រាក់។ បន្ទាប់ពីក្រុមល្មើសសម្តែងល្បិចកលគីមីវិទ្យារួចរាល់ សមត្ថកិច្ចបានក្របួចចាប់ខ្លួនជនល្មើសនៅនឹងកន្លែងទាំងស្រុង។
ទោះជាយ៉ាងណា ការដែលក្រុមឧក្រិដ្ឋជនហ៊ានធ្វើសកម្មភាពឆបោកដោយចំហនៅក្នុងព្រឹត្តិការណ៍ធំៗកណ្តាលរាជធានីបាងកកបែបនេះ តើមិនបានបង្ហាញពីភាពធូររលុងនៃការត្រួតពិនិត្យ និងការបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋជនស្បែកខ្មៅ និងបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន មានឥទ្ធិពល និងអាចចល័តទីបានយ៉ាងងាយស្រួលទេឬយ៉ាងណា? ហេតុអ្វីក៏ទីក្រុងបាងកកមានភាពធូររលុង និងកម្រោយប្រព័ន្ធសន្តិសុខបែបនេះ?
ករណី Black Money Scam នេះ ត្រូវបានចាត់ទុកជាភស្តុតាងជាក់ស្តែងមួយទៀតដែលបញ្ជាក់ថា ប្រទេសថៃនៅតែជាចំណុចក្តៅ និងជាជម្រកប្រកបដោយហានិភ័យខ្ពស់នៃបទល្មើសបច្ចេកវិទ្យា ការផលិតប្រាក់ក្លែងក្លាយ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខហិរញ្ញវត្ថុនៅក្នុងតំបន់៕

