ចេញមុខថ្លែងការទាំងក្ដៅស្លឹកត្រចៀក នាយកណ្ដុរ អនុទិន នាយករដ្ឋមន្ត្រីថៃ បដិសេធភ្លាមៗចំពោះរបាយការណ៍របស់អ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិ (UN) ដោយចាត់ទុកថាជា របាយការណ៍គ្មានតម្លាភាព និងសុក្រិតភាព ហើយថែមទាំងគំរាមប្ដឹងមន្រ្តី UN ដែលបានធ្វើការសន្និដ្ឋានដោយស្តាប់តែព័ត៌មានពីភាគីកម្ពុជាតែម្ខាង ជុំវិញតួលេខប្រជាពលរដ្ឋកម្ពុជា រហូតដល់ប្រមាណ ៦៥០,០០០នាក់ដែលត្រូវបាត់បង់ជម្រក និងផ្លាស់ប្តូរទីកន្លែងរស់នៅ ដោយសារការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែន។

កម្ពុជានៅតែអះអាងថា តួលេខជនភៀសខ្លួន និងប្រជាពលរដ្ឋស៊ីវិលរាប់សែននាក់ដែលរងផលប៉ះពាល់ ជាទិន្នន័យជាក់ស្តែងដែលកើតចេញពីការរំលោភបំពាន និងការវាយប្រហារនៅតំបន់ព្រំដែន។ ការដែលលោក អនុទិន អះអាងថា UN មិនទាន់បានស្តាប់ភាគីថៃ គឺគ្រាន់តែជាការទាញពេលវេលា និងជាការបដិសេធទាំងងងឹតងងល់ ដើម្បីចៀសវាងការថ្កោលទោសពីអន្តរជាតិជុំវិញផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់តែប៉ុណ្ណោះ។

តែមែនទែនទៅទង្វើ និងសម្ដីរបស់ អនុទិន ទាំងច្រឡោតតោតតូង និងរួមទាំងសម្ដីលើកឡើងរបស់លោក សីហាស័ក្ដ ភូងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃពាក់ព័ន្ធនឹងបញ្ហាខាងលើនាពេលថ្មីៗនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាល្បិចនយោបាយបិទបាំងការពិត និងជាការគេចវេះពីការទទួលខុសត្រូវលើវិបត្តិមនុស្សធម៌ដែលកើតមានឡើងប៉ុណ្ណោះ។ ដូចដែលក្រុមអ្នកនយោបាយថៃរមែងព្យាយាមបង្កើតលេសមិនទទួលស្គាល់ការពិត ហើយច្រាណកំហុសដាក់អ្នកដទៃទាំងទទឹងទិស។




ក្រៅពីមិនអាចទទួលយកការពិត និងល្បិចទាត់ចោលរបាយការណ៍មន្រ្តី UN ហើយនោះ អនុទិន បានបោះសម្ដីទៅសហគមន៍អន្តរជាតិថា គ្មានប្រទេសណាមួយអាចដាក់សម្ពាធថៃបានឡើយ ។
ក្នុងនោះ អនុទិន ថ្លែងថា «គ្មាននរណាមកដាក់សម្ពាធយើងបានទេ… យើងជឿជាក់លើជំហររបស់យើង ហើយមិនចាំបាច់បកស្រាយប្រាប់នរណាម្នាក់ឡើយ» ។ ការបោះសម្ដីនេះគឺជាការស្តែងចេញនូវអាកប្បកិរិយាដ៏រឹងរូស និងខ្វះការទទួលខុសត្រូវក្នុងនាមជាប្រជាជាតិមួយដែលជាសមាជិកអង្គការសហប្រជាជាតិ។ ជំហរមិនព្រមសហការ និងការមើលស្រាលលើអង្គការសហប្រជាជាតិបែបនេះ បង្ហាញយ៉ាងច្បាស់ថា ភាគីថៃកំពុងបារម្ភពីការលាតត្រដាងការពិតនៅលើឆាកអន្តរជាតិ។

ការដែលកម្ពុជាត្រៀមដាក់លិខិតទៅកាន់អង្គការសហប្រជាជាតិនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យទទួលស្គាល់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU 43) និងផែនទីបញ្ជាក់ព្រំដែន ត្រឹមត្រូវតាមច្បាប់អន្តរជាតិ គឺជាជំហរផ្អែកលើសន្តិវិធី និងច្បាប់។ ផ្ទុយទៅវិញ ការដែលភាគីថៃព្យាយាមលុបចោល ឬបដិសេធយន្តការដែលមានស្រាប់ (ដូចជា MOU 44) ហើយងាកទៅរកលេសស្មុគស្មាញផ្សេងទៀត បង្ហាញថា ថៃមិនបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ។

យ៉ាងណាក៏ដោយ ការចេញមុខបដិសេធរបស់នាយកណ្ដុរ អនុទិន ដោយសម្ដីក្អេងក្អាងបែបនេះ ត្រូវបានសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ កត់ត្រាទុកក្នុងកំណត់ហេតុរបស់ប្រទេសនីមួយៗរួចហើយ។ ចង់មិនចង់ ថៃមិនអាចគេចវេសពីការពិតដែលឈ្លានពានកម្ពុជាដើម្បីរំលោភទឹកដី និងធ្វើឱ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ភៀសសឹក រស់នៅទាំងភិតភ័យមិនអាចវិលទៅលំនៅដ្ឋានវិញបាន។ ថៃគួរតែងាយចូរមកដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាឱ្យបានកាន់តែឆាប់រហ័ស ដើម្បីបង្កើតសន្តិភាពរួម មិនមែនព្យាយាមតែបិទបាំងការពិតនៅលើឆាកអន្តរជាតិ ហើយនិយាយយកត្រូវដូចមនុស្សដេកមិនភ្ញាក់នោះទេ៕

