ភ្នំពេញ៖ ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនកម្មករ-កម្មការិនីចំនួន ៨៦នាក់ ដែលកំពុងបំពេញការងារសាងសង់អគារសាលប្រជុំក្នុងបរិវេណវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីនេះក៏មានព្រះរាជវត្តមានរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះអធិបតី និងប្រទានពរជ័យដល់អង្គពិធីទាំងមូលផងដែរ។

ក្នុងឱកាសជួបសំណេះសំណាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនកម្មករ-កម្មការិនីដែលកំពុងបំពេញការងារសាងសង់អគារ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់។

ជាមួយគ្នានេះ កម្មករ-កម្មការិនីទាំង ៨៦នាក់ ម្នាក់ៗទទួលបានសារុងចំនួន ២ និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីជួយសម្រាលការចំណាយ និងលើកទឹកចិត្តក្នុងការបន្តការងារ។បងប្អូនកម្មករ-កម្មការិនីបានសម្ដែងនូវក្ដីរំភើប និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានបួងសួងសុំឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសពរជ័យ សូមឱ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ កម្លាំងមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងជួយថែរក្សាសុខទុក្ខប្រជាពលរដ្ឋ។

សកម្មភាពខាងលើបានបង្ហាញពីការបន្តបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងចុះជួប និងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ និងក្រុមការងារងាយរងគ្រោះនៅទូទាំងប្រទេស ដើម្បីរួមចំណែកសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

Share.