ភ្នំពេញ៖ អគារពិនិត្យ និងព្យាបាលទារក និងកុមារ កម្ពស់៦ជាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កំពុងសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការពិត និងកាត់បន្ថយការប្រើប្រាស់គ្រែរួមគ្នា នៅពេលខាងមុខ។


គម្រោងសាងសង់នេះ ត្រូវបានអនុវត្តបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការណែនាំដោយផ្ទាល់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
អគារថ្មីនេះ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ហើយមានសមត្ថភាពបន្ថែមគ្រែប្រមាណ២០០ គ្រែ លើសពីសមត្ថភាពបច្ចុប្បន្នចំនួន ២១៦១ គ្រែ។
តាមរបាយការណ៍វឌ្ឍនភាព ការសាងសង់បានសម្រេចប្រហែល៥ភាគរយ បន្ទាប់ពីបានបើកការដ្ឋាន និងចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦។
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងបន្តជូនដំណឹងអំពីវឌ្ឍនភាពសាងសង់អគារនេះ ជូនសប្បុរសជន និងសាធារណជនជាបន្តបន្ទាប់។
ជាមួយគ្នានេះ មូលនិធិបានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគថវិកា ទោះតិចក្តី ច្រើនក្តី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីគាំទ្រការបន្តដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មសង្គ្រោះជីវិតទារក និងកុមារកម្ពុជា ព្រមទាំងផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ មានគុណភាព និងគ្មានការរើសអើង៕
អត្ថបទ៖ ត្រយងតូច

