ភ្នំពេញ៖ ការពិតជាក់ស្តែងនៅលើឆាកអន្តរជាតិបានស្តែងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ ភាគីថៃនៅតែបន្តបង្ហាញឥរិយាបថរ៉េរ៉ អូសបន្លាយពេល និងគេចវេសមិនព្រមឆ្លើយតបជាវិជ្ជមានចំពោះការចរចាផ្លូវការ ដែលនេះជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការរារាំងដំណើរការសន្តិភាព និងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន និងកំពុងបន្តធ្វើសកម្មភាពការទូតយ៉ាងស្វាហាប់បំផុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងឱ្យគណៈកម្មការ JBC ភាគីកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតរហូតដល់ ១០លើក រួចមកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើសុំ៖
១. បើកកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និង២. ចាត់បញ្ជូនក្រុមការងារបច្ចេកទេសវាស់វែងចម្រុះ (JSTs) ចុះធ្វើការងារជាក់ស្តែងនៅលើដី។

យ៉ាងណាមិញ បើទោះបីជាកម្ពុជាបានសម្តែងនូវភាពអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់តាមរយៈការផ្ញើកំណត់ទូតជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ភាគីថៃនៅតែមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយទេ។ ការស្ងៀមស្ងាត់ និងការយឺតយ៉ាវរបស់ភាគីថៃក្នុងការឆ្លើយតបនេះ ត្រូវបានគេមើលឃើញថាជា «ល្បិចអូសបន្លាយពេល» ដើម្បីគេចវេសពីការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេស JBC កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។

ទង្វើគេចវេសរបស់ភាគីថៃមិនត្រឹមតែបង្ហាញពីការខ្វះឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានស្មារតីនៃកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងឱ្យបានឆាប់រហ័ស ជាអាទិភាពខ្ពស់បំផុត។ ភាពយឺតយ៉ាវដែលបង្កឡើងដោយភាគីថៃនេះ កំពុងតែបន្តដាក់បន្ទុក និងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងដីធ្លីអាស្រ័យផលរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាន។

ឯកឧត្តម អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា តាមរយៈជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្អែកលើច្បាប់អន្តរជាតិ សហគមន៍អន្តរជាតិបាន និងកំពុងយល់កាន់តែច្បាស់អំពី «ការពិត» ដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែន។ កម្ពុជានៅតែបន្តអំពាវនាវ និងជំរុញឱ្យភាគីថៃបញ្ឈប់ការកេងចំណេញពេល និងប្រញាប់ប្រញាល់បញ្ជូនក្រុមការងារបច្ចេកទេសចុះដី និងរៀបចំកិច្ចប្រជុំ JBC ឱ្យបានឆាប់បំផុត ព្រោះថាកលល្បិចបិទបាំង ឬអូសបន្លាយពេលណាមួយ មិនអាចកែប្រែការពិត និងច្បាប់អន្តរជាតិបានឡើយ៕

https://troryorng.com/
Share.