ប៉ុន្មានថ្ងៃនេះ ពិភពលោកកំពុងតែចាប់អារម្មណ៍ និងផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ទៅកាន់ប្រទេសថៃ នាថ្ងៃទី៦ និងទី៧ ខែសីហាខាងមុខនេះ។ 

យោងតាម លោកស្រី អនុបណ្ឌិត លលិតា ហានវង្ស អ្នកជំនាញកិច្ចការមីយ៉ាន់ម៉ា មក​ពី​មហា​វិទ្យាល័យ​វិទ្យា​សាស្ត្រ​​សង្គម​ នៃសាកលវិទ្យាល័យកាសេតសាស្ត្រ បានប្រាប់បណ្តាញព័ត៌មានប៊ីប៊ីស៊ីថៃថា ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង គឺពេញដោយការរំពឹងទុករបស់មេដឹកនាំរូបនេះផ្ទាល់ ដែលចង់ត្រឡប់ចូលទៅកាន់ឆាកអន្តរជាតិវិញ និងការរំពឹងទុករបស់ថៃដែលចង់ដោះសោរបញ្ហាការកម្រិតការនាំចេញទំនិញទៅកាន់ ​មីយ៉ាន់ម៉ា ដែលបានធ្វើឱ្យពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំងពីរគាំងស្ទះជាយូរមកហើយ។

លោកស្រីបានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃនាពេលនេះ គឺជាផ្នែកមួយនៃផែនការដែលចង់បានការទទួលស្គាល់រដ្ឋាភិបាលថ្មី បន្ទាប់ពីមេទ័ពរូបនេះត្រូវបានជ្រើសរើសជាប្រធានាធិបតី។ កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅតាមបណ្តាប្រទេសជាច្រើនដូចជា ឥណ្ឌា ចិន ឡាវ ហើយគោលដៅបន្ទាប់គឺប្រទេសថៃ ដែលនេះបង្ហាញឱ្យឃើញថារដ្ឋាភិបាលណៃពិដោ កំពុងព្យាយាមស្វែងរកការទទួលស្គាល់ក្នុងកម្រិតតំបន់ និងអន្តរជាតិ រួមទាំងចង់ត្រឡប់មកមានភាគហ៊ុនចូលរួមជាមួយសហគមន៍អាស៊ានឱ្យកាន់តែច្រើនឡើង។

«រឿងរ៉ាវទាំងនេះតែងតែកើតឡើងនៅក្នុងប្រវត្តិសាស្ត្ររួមសម័យរបស់ភូមាជានិច្ច។ នៅក្នុងសម័យលោក ឧ នុ (នាយករដ្ឋមន្ត្រីដំបូងគេបន្ទាប់ពីភូមាទទួលបានឯករាជ្យ) គាត់ក៏មានទស្សនកិច្ចជុំវិញពិភពលោក​ដោយសារចង់ទៅផ្សព្វផ្សាយប្រាប់ពិភពលោកថា ប្រទេសរបស់ខ្ញុំកំពុងឈានចូលដល់យុគសម័យនៃការផ្លាស់ប្តូរហើយ» លោកស្រីបានប្រសាសន៍។

អ្វីដែលថៃគិតថានឹងទទួលបាន គឺការតភ្ជាប់ទំនាក់ទំនងជាមួយភូមា ពីព្រោះគ្រប់បែបយ៉ាងនៅក្នុងប្រទេសភូមាគឺអាស្រ័យលើមេដឹកនាំតែម្នាក់គត់។ ដូចនេះ ការលួងលោម ឬការផ្តល់លំហ និងផ្តល់ពន្លឺ (ការចាប់អារម្មណ៍) ដល់គាត់ វាអាចនឹងធ្វើឱ្យគាត់មានទំនុកចិត្តលើប្រទេសថៃកាន់តែច្រើន»។

លោកស្រី អនុបណ្ឌិត លលិតា មើលឃើញថា ប្រធានបទពិភាក្សាធំរវាងមេដឹកនាំថៃ និងមីយ៉ាន់ម៉ាក្នុងជុំនេះ ប្រហែលជាផ្តោតទៅលើការសុំឱ្យមីយ៉ាន់ម៉ាសម្រួលដល់ផ្នែកពាណិជ្ជកម្ម។ ទោះបីជាមីយ៉ាន់ម៉ាបានបើកផ្លូវ​ហាយវេអាស៊ីលេខ ១ ដែលតភ្ជាប់ការធ្វើដំណើរពីព្រំដែនម៉ែសត ចូលទៅកាន់មីយ៉ាន់ម៉ាហើយ​​ក៏ដោយ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរមីយ៉ាន់ម៉ាកំពុងជម្រុញឱ្យប្រជាជនប្រៀបប្រដេញប្រើប្រាស់ទំនិញដែលផលិតក្នុងស្រុក ច្រើនជាង ដើម្បីរក្សាសមតុល្យការដោះដូររូបិយប័ណ្ណបរទេស និងមិនចង់ឱ្យលំហូរប្រាក់រត់ចេញក្រៅប្រទេស។ កត្តានេះធ្វើឱ្យទំនិញថៃជាច្រើនប្រភេទត្រូវបានកម្រិតការនាំចូលទៅកាន់មីយ៉ាន់ម៉ាតាមគ្រប់ច្រកល្ហក ខណៈដែលការធ្វើពាណិជ្ជ​កម្ម​​ព្រំដែន ថៃ-កម្ពុជា ក៏មិនទាន់ត្រឡប់មកកាន់ស្ថានភាពជួញដូរធម្មតានៅឡើយ។

«បានឮមកពីអ្នកប្រកបអាជីវកម្មថា ផ្លូវហាយវេអាស៊ីលេខ ១ បើកពីក្រុងម៉ាវ៉ាឌី ទៅដល់ក្រុងកូការ៉េក ដែលជាទីក្រុងឯកនៃរដ្ឋកាយ៉ាង។ ប៉ុន្តែប្រសិនបើចេញពីកូការ៉េកទៅដល់យ៉ាងហ្គូន ទំនិញមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ចូលទៅកាន់តំបន់ខាងក្នុងនៃមីយ៉ាន់ម៉ានោះទេ» អ្នកជំនាញមកពីសាកលវិទ្យាល័យកាសេតសាស្ត្របានបន្ថែម។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី អនុបណ្ឌិត លលិតា បានផ្តល់មតិថា ការដែលថៃយល់ថា «យកជើងពានទៅថ្វាយហើយ គេនឹងធ្វើអ្វីៗគ្រប់យ៉ាងឱ្យវិញនោះ គឺប្រហែលជាមិនមែនទេ ព្រោះតាមពិតទៅមីយ៉ាន់ម៉ាក៏មានគោលដៅច្បាស់លាស់របស់គេដែរ»។ 

ជាពិសេសរឿងពាណិជ្ជកម្ម ដែលក្រុមឧត្តមសេនីយ៍មិនចង់ឱ្យមានការនាំចូលទំនិញពីបរទេសឡើយ ទោះបីជាប្រជាជននៅមីយ៉ាន់ម៉ាកំពុងប្រឈមនឹងទុក្ខលំបាកពីអត្រាអតិផរណាដែលកើនឡើងខ្ពស់ខ្លាំង និងត្រូវទិញទំនិញផ្សេងៗក្នុងតម្លៃថ្លៃ ដោយសារតែកើតមានវិបត្តិខ្វះខាតទំនិញមួយចំនួនក៏ដោយ។

ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិច ក៏បានធ្វើឱ្យទំនិញមួយចំនួនត្រូវបានមើលឃើញថាជាទំនិញប្រើប្រាស់បានពីរផ្លូវ (ទំនិញស៊ីវិលផង និងយោធាផង) ដូចជា ម៉ូតូ ដែលកងទ័ពមីយ៉ាន់ម៉ាមើលឃើញថាជាយានជំនិះយុទ្ធោបករណ៍ជួយទ្រទ្រង់កងកម្លាំងជនជាតិភាគតិចនានា រួមទាំងកងកម្លាំងការពារប្រជាជន ផង​ដែរ​។​

គេមិនចង់ឱ្យរបស់របរពីថៃចូលទៅដើម្បីផ្គត់ផ្គង់ ឬចិញ្ចឹមក្រុមភាគតិចទាល់តែសោះ។ ប្រសិនបើគេបកស្រាយបែបនេះទាំងអស់ សូម្បីតែអង្ករមួយគ្រាប់ក៏ក្លាយជាយុទ្ធោបករណ៍ជួយទ្រទ្រង់ក្រុមកាយ៉ាង និងក្រុមការពារប្រជាជនដែរ» លោកស្រីបានថ្លែង។

លោកស្រីអនុបណ្ឌិត មើលឃើញថា ការចរចាជាមួយមេដឹកនាំមីយ៉ាន់ម៉ានោះ ភាគីថៃត្រូវតែផ្លាស់ប្តូរពី «ការស្នើសុំកិច្ចសហប្រតិបត្តិការ» មកជា «ការត្រៀមប្រើប្រាស់វិធានការឆ្លើយតប» វិញ។ កន្លងមក លោកស្រីមើលឃើញ​ថា​ថៃ​បានទាក់ទងជាមួយមេដឹកនាំមីយ៉ាន់ម៉ាក្នុងលក្ខណៈ «ទន់ភ្លន់ពេក» ដូចជា ករណីយន្តហោះចម្បាំងភូមា​មក​ទម្លាក់​គ្រាប់​បែកក្បែរព្រំដែនថៃ រហូតប៉ះពាល់ដល់ប្រជាជននៅតំបន់ព្រំដែន ថៃបែរជាសុខចិត្ត «អត់ធ្មត់» និងឆ្លើយតបវិញយ៉ាងមិនសមស្របនឹងទំហំហេតុការណ៍ដែលកើតឡើង។

លោកស្រីយល់ថា ថៃត្រូវតែឈប់បណ្តោយឱ្យភាគីមីយ៉ាន់ម៉ាប្រើប្រាស់យុទ្ធសាស្ត្រ «និយាយរាយមេឃ» និង «រឹងទទឹង» ដើម្បីពន្យារពេលទៀតទៅ ប៉ុន្តែគួរតែជម្រុញឱ្យមានផែនទីបង្ហាញផ្លូវ ឬផែនការការងារដែលច្បាស់លាស់ និងមានការតាមដានតាមកាលកំណត់ ដើម្បីឱ្យអាចវាយតម្លៃបម្រែបម្រួលបោះជំហានទៅមុខបានយ៉ាងជាក់ស្តែង មិនថាតែរឿងពាណិជ្ជកម្មព្រំដែន ឬរឿងផ្សេងទៀតដូចជា រ៉ែនៅក្នុងរដ្ឋសាន គ្រឿងញៀន ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការបំពុលបរិស្ថានឆ្លងដែន ដែលភាគីមីយ៉ាន់ម៉ាតែងតែបដិសេធរហូតមកនោះឡើយ។ ហេតុដូចនេះ «ក្រសួងការបរទេសថៃ ត្រូវតែវាយបំបែកសាច់រឿង ឬទស្សនៈរបស់ភូមាត្រង់នេះឱ្យធ្លាយ ប្រសិនបើវាយបំបែកមិនបានទេ គឺគ្មានផ្លូវដោះស្រាយបញ្ហាណាមួយនៅលើលោកនេះដែលពាក់ព័ន្ធនឹងភូមាបានទៀតឡើយ»។

«វាត្រូវតែមានការកំណត់កាលបរិច្ឆេទចុងក្រោយឲ្យច្បាស់លាស់។ ភូមាមានទម្លាប់ម្យ៉ាងគឺនិយាយទៅមុខរហូត ហើយគ្រប់យ៉ាងស៊ីពេលយូរអង្វែង។ ថៃយើងត្រូវតែច្បាស់លាស់ ស្គាល់គេស្គាល់យើង។ ដូចដែលដឹងស្រាប់ហើយថា ភូមាជាស្តេចខាងសម្តែងឫទ្ធិ និងគំរាមបោកប្រាស់ ប្រសិនបើយើងទទួលយក ‘បាទៗ/ចាសៗ’ តែម្ខាង វាក៏ក្លាយជាលំហរឱ្យគេមកសម្តែងឫទ្ធិដាក់ ហើយចុងក្រោយថៃក៏មិនបានអ្វីសោះ» លោកស្រី បណ្ឌិតរង លលិតា បានបញ្ជាក់។

អ្នកជំនាញកិច្ចការមីយ៉ាន់ម៉ាបានបន្ថែមទៀតថា ទោះបីជាក្រសួងការបរទេសថៃ ព្យាយាមធ្វើការទូតពីរផ្លូវជាមួយមីយ៉ាន់ម៉ា ដោយច្រកទីមួយជាការទូតលក្ខណៈរដ្ឋនិងរដ្ឋ និងច្រកទីពីរគឺព្យាយាមដំណើរការនយោបាយជាមួយក្រុមជនជាតិភាគតិចផ្សេងៗ ប៉ុន្តែឥឡូវនេះគេឃើញថាច្រកទីពីរនោះនៅមិនទាន់រឹងមាំ និងម៉ឺងម៉ាត់គ្រប់គ្រាន់ស្មើនឹងច្រកទីមួយនៅឡើយទេ ហើយក្រុមភាគតិចផ្សេងៗនៅតែមើលឃើញថារដ្ឋថៃមិនទាន់មានភាពស្មោះត្រង់ ដែលចំណុចនេះរឹតតែធ្វើឱ្យយុទ្ធសាស្ត្រការទូតរបស់ក្រសួងការបរទេសថៃ មិនទាន់ទទួលបានជោគជ័យគ្រប់គ្រាន់ដើម្បីជញ្ជីងអំណាចជាមួយមេដឹកនាំមីយ៉ាន់ម៉ាបានឡើយ។

ជាចុងក្រោយ លោកស្រី អនុបណ្ឌិត លលិតា មើលឃើញថា មេដឹកនាំមីយ៉ាន់ម៉ានឹងទទួលបានផលប្រយោជន៍ពីការធ្វើដំណើរមកទស្សនកិច្ចនៅថៃលើកនេះច្រើនជាងថៃ ទទួល​បាន​ផល​ចំណេញ ព្រោះវាឆ្លើយតបនឹងតម្រូវការស្វែងរកការទទួលស្គាល់ពីអន្តរជាតិរបស់មីយ៉ាន់ម៉ា ហើយមានឱកាសតិចតួចបំផុតដែលថៃនឹងអាចរុញច្រានរបៀបវារៈប្រញាប់ប្រញាល់ផ្សេងៗនៅក្នុងការពិភាក្សាជាមួយលោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង បាន ដោយ​សារ​​ គោលដៅរបស់មេដឹកនាំមីយ៉ាន់ម៉ាមានភាពច្បាស់លាស់ថាចង់បានអ្វីពីការមកថៃ ហើយហ្គេមការទូត​របស់​ថៃ​ខ្លួនឯងក៏នៅតែបន្ត «ថ្នាក់ថ្នម» មេដឹកនាំយោធារូបនេះដដែល​ជាដដែល៕

https://troryorng.com/
Share.