រាជធានីភ្នំពេញ៖ ការព្យាយាមបដិសេធការទទួលខុសត្រូវ និងការប្រឹងប្រែងបង្វែរដានសភាពការណ៍ពីសំណាក់ភាគីថៃ ចំពោះអំពើឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាពកម្ពុជា ត្រូវបានច្រានចោលទាំងស្រុង ដោយសារតែភស្តុតាងនិងស្លាកស្នាមនៃការបំផ្លិចបំផ្លាញពិតជាក់ស្តែងនៅលើទឹកដីកម្ពុជា នោះត្រូវបានកត់ត្រាទុកក្នុងរបាយការណ៍ និងក្រសែភ្នែកសហគមន៍អន្តរជាតិរួចទៅហើយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ៗនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ! ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកការទូត និងអ្នកសង្កេតការណ៍អាស៊ានចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។

ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា «បន្ទាប់ពីការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗទាំងបី គឺ AFP, Reuters និង AP ព័ត៌មាននេះត្រូវបានសារព័ត៌មានជាច្រើនជុំវិញពិភពលោកដកស្រង់ និងផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ ដែលបានធ្វើឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។
ការចុះផ្សាយយ៉ាងទូលំទូលាយពីសារព័ត៌មានអន្តរជាតិ ក៏បានធ្វើឱ្យការបដិសេធ ឬការព្យាយាមបង្វែរការចាប់អារម្មណ៍ពីសំណាក់ភាគីថៃ កាន់តែពិបាកទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិ។ ជំនួសឱ្យការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងការសម្របសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ភាគីថៃបានជ្រើសរើសផ្តោតលើការជំទាស់នឹងការរកឃើញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ ការបដិសេធរបស់ថៃ មិនអាចលុបបំបាត់ការពិតដែលត្រូវបានកត់ត្រា ឬបំភ្លេចភស្តុតាង និងស្លាកស្នាមដែលនៅសេសសល់ពីការឈ្លានពានប្រដាប់អាវុធបានរបស់យោធាថៃខ្លួនឯងបានឡើយ។ ការខូចខាតលើលំនៅឋានប្រជាពលរដ្ឋ ការបន្តមានប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលពិភពលោកកំពុងបន្តតាមដានយ៉ាងជិតស្និទ្ធ។»

Share.