កំពង់ស្ពឺ៖ ពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យរោងចក្រកាត់ដេរមួយកន្លែង យុីហោ ខេ ឡៃ យ៉ា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ រោងចក្រនេះបានដុតកម្ទេចក្រណាត់ ដើម្បីយកចំហាយកម្តៅ និងចំហាយទឹកសម្រាប់ប្រើប្រាស់ក្នុងដំណើរការ។ ប៉ុន្តែការដុតនេះបានបង្កឱ្យមានផ្សែងហុយសាយពេញលំហរអាកាស និងមានក្លិនឈ្ងៀមខ្លាំង ប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋនៅជុំវិញ។


តាមការបញ្ជាក់ពីពលរដ្ឋ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ផ្សែងចេញពីការដុតកម្ទេចក្រណាត់មានក្លិនឈ្ងៀមខ្លាំង និងហុយសាយពេញបរិវេណ។ បញ្ហានេះបានបង្កឱ្យមានការរអាក់រអួលក្នុងការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ការរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ក៏ត្រូវបានអះអាងថាបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានជុំវិញផងដែរ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងចាត់វិធានការកែសម្រួលឱ្យបានសមស្រប ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងបរិស្ថានក្នុងតំបន់៕
អត្ថបទ៖ តាតុងសែនជ័យ

