កំពង់ធំ៖ លោក អ៉ឹម សួស្តី បានលើកឡើងថា ប្រព័ន្ធធារាសាស្តថ្មីៗនៅស្រុកស្ទោង នឹងជួយបង្កើនជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោក អ៉ឹម សួស្តី អនុប្រធាននាយកដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរពាក់ព័ន្ធ ស្តីពីការកសាង និងស្តារប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែម សម្រាប់ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងពង្រីកប្រព័ន្ធធារាសាស្ត្រថ្មីៗ គឺជាជំហានសំខាន់ ក្នុងការឆ្លើយតបទាន់ពេលវេលា និងមានតម្លៃធំធេង សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រព័ន្ធនេះអាចធានាសន្តិសុខទឹក ដោយមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ធ្វើស្រែចម្ការ និងដាំដំណាំបានច្រើនរដូវ ទាំងវស្សា និងប្រាំង ដែលជួយបង្កើនទិន្នផល និងប្រាក់ចំណូលគ្រួសារ។

ជាមួយគ្នានេះ ប្រព័ន្ធធារាសាស្ត្រក៏ជួយកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ ដោយដើរតួនាទីជាប្រព័ន្ធរំដោះទឹក និងការពារការលិចលង់ ពីជំនន់ទឹកភ្លៀង ការពារទ្រព្យសម្បត្តិ និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ខ្នងទំនប់ត្រូវបានប្រើប្រាស់ជាផ្លូវគមនាគមន៍ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារបានឆាប់រហ័ស និងចំណាយតិច។

ការអភិវឌ្ឍអាងទឹក៣០កញ្ញា ក៏ត្រូវបានរំពឹងថា នឹងលើកកម្ពស់អេកូទេសចរណ៍ និងបរិស្ថាន បង្កើតឱកាសការងារ និងមុខរបរថ្មីៗ ជូនពលរដ្ឋក្នុងតំបន់។

បន្ថែមពីនេះ ការកសាងទំនប់ស្ទាក់ទឹកស្ទឹងតូច នឹងអាចស្តុកទឹកបានរាប់លានម៉ែត្រគីប សម្រាប់ផ្គត់ផ្គង់ការស្រោចស្រពស្រែស្រូវ នៅក្នុងឃុំកំពង់ចិនជើង ឃុំប្រឡាយ និងឃុំម្សាក្រង ជាច្រើនពាន់ហិតតា។

ការអភិវឌ្ឍទាំងនេះ នឹងក្លាយជាគ្រឹះរឹងមាំ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ក្នុងស្រុកស្ទោង ឱ្យកាន់តែរីកចម្រើន និងមានចីរភាព៕

អត្ថបទ៖ ឈិត សំបូរ

Share.