សម្ព័ន្ធភាពនៃរដ្ឋ និងដែនដីស្វយ័តចំនួន ២៥ នៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងជាផ្លូវការកាលពីថ្ងៃចន្ទ ទី៣ ខែសីហា នៅតុលាការពាណិជ្ជកម្មអន្តរជាតិ ដើម្បីរារាំងវិធានការចុងក្រោយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយសកលថ្មីក្នុងអត្រាពី ១០% ដល់ ១២.៥%។

ពាក្យបណ្តឹងនេះបានចោទប្រកាន់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ថា បានយកលេសរឿងការស៊ើបអង្កេតលើ «ពលកម្មបង្ខំ» នៅទូទាំងពិភពលោក ធ្វើជាមូលដ្ឋានផ្លូវច្បាប់​ ដើម្បីបង្កើតរបាំងពាណិជ្ជកម្មឡើងវិញ ដែលជាវិធានការធ្លាប់ត្រូវបានតុលាការសហព័ន្ធបដិសេធ និងទាត់ចោលកាលពីពេលមុនៗ។

ដើមចោទបានគូសបញ្ជាក់ថា USTR បានធ្វើការស៊ើបអង្កេត «យ៉ាងប្រញាប់ប្រញាល់» លើប្រទេស និងដែនដីចំនួន៦០ ក្នុងរយៈពេលត្រឹមតែ ២ខែកន្លះប៉ុណ្ណោះ ខណៈដែលនីតិវិធីធម្មតាត្រូវចំណាយពេលរហូតដល់ជាងមួយឆ្នាំ។ បណ្តារដ្ឋទាំងនោះអះអាងថា លទ្ធផលនៃការស៊ើបអង្កេតត្រូវបានរៀបចំទុកជាស្រេច ដោយសារពន្ធគយថ្មីនេះត្រូវអនុវត្តស្មើៗគ្នាទាំងលើវត្ថុធាតុដើម និងទំនិញសម្រេច ដោយមិនបានផ្អែកលើទំហំជាក់ស្តែងនៃការប្រើប្រាស់ពលកម្មបង្ខំនៅក្នុងប្រទេសនីមួយៗនោះឡើយ។

លោកស្រី Letitia James អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «មិនថារដ្ឋបាលលោក ដូណាល់ ត្រាំ ព្យាយាមលើកហេតុផលយ៉ាងណាក៏ដោយ ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់យើងបានចែងយ៉ាងច្បាស់ថា ប្រធានាធិបតីគ្មានអំណាចក្នុងការដាក់ពន្ធគយយ៉ាងទូលំទូលាយលើបណ្តាប្រទេសនានាតាមអំពើចិត្តនោះទេ»។

ជាមួយគ្នានេះដែរ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានសម្តែងការព្រួយបារម្ភថា វិធានការដំឡើងពន្ធនេះ គឺជាបន្ទុកពន្ធបន្ថែមដែលធ្លាក់លើស្មារបស់គ្រួសារប្រជាពលរដ្ឋធ្វើការងារសាមញ្ញ ហើយនឹងរុញច្រានឱ្យថ្លៃទំនិញ គ្រឿងទេស និងសម្ភារសំណង់នៅទូទាំងសហរដ្ឋអាមេរិកកើនឡើងថ្លៃ។

នៅក្នុងឯកសារតុលាការ ក្រុមដើមចោទបានសង្កត់ធ្ងន់ថា៖ «ការប៉ុនប៉ងលើកទី៣ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយនៅទូទាំងពិភពលោក ដែលពេលនេះធ្វើឡើងក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម គឺនៅតែជាអំពើខុសច្បាប់ដូចករណីមុនៗដដែល»។

ទោះជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តអំណាច និងសិទ្ធិស្របច្បាប់យ៉ាងត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រដ្ឋដែលចូលរួមជាមួយកាលីហ្វ័រញ៉ាក្នុងពាក្យបណ្តឹងនេះរួមមាន៖ អារីហ្សូណា (Arizona), ញូវយ៉ក (New York), កូឡូរ៉ាដូ (Colorado), ខនណិកធិខាត់ (Connecticut), ឌេឡាវែរ (Delaware), ខេនថាគី (Kentucky), ហាវ៉ៃ (Hawaii), អ៊ីលីណយ (Illinois), ម៉ាសាឈូសេត (Massachusetts), មីស៊ីហ្គែន (Michigan), ម៉ារីឡែន (Maryland), មេន (Maine), មីន្នីសូតា (Minnesota), នេវ៉ាដា (Nevada), ញូវជើស៊ី (New Jersey), ឃែរ៉ូឡៃណាខាងជើង (North Carolina), ញូវម៉ិកស៊ិក (New Mexico), អូរ៉េហ្គន (Oregon), ភេនស៊ីលវេເນៀ (Pennsylvania), រ៉ូដអាយឡែន (Rhode Island), វើម៉ុន (Vermont), វើជីនៀ (Virginia), វ៉ាស៊ីនតោន (Washington) និង វីសខុនស៊ិន (Wisconsin)។ រដ្ឋទាំងអស់នេះសុទ្ធតែមានអគ្គមេធាវី ឬអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ។

ប្រភព៖ Time magazine

Share.