ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ ការលើកឡើងនេះធ្វើឡើងក្នុងពេលចុះពិនិត្យសកម្មភាពបោសសម្អាតនៅខេត្តរតនគិរី ថ្ងៃទី៤ សីហា ២០២៦។





ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រាប់បែកចង្កោម ដែលបង្កការបាត់បង់ជីវិត ពិការភាព និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ជាពិសេស ក្នុងឆ្នាំ២០២៥ មានការប្រើប្រាស់អាវុធប្រភេទនេះចូលក្នុងទឹកដីកម្ពុជា បង្កគំរាមកំហែងរយៈពេលវែង។
កម្ពុជា អំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាត និងជួយជនរងគ្រោះ។ កម្ពុជាក៏បន្តប្តេជ្ញាអភិវឌ្ឍសហគមន៍ និងធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន ផ្ទៃដីប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវការបោសសម្អាតបន្ថែម។ កម្ពុជាក៏បានអរគុណដល់ដៃគូអន្តរជាតិ រួមមានអង្គការ NPA សហរដ្ឋអាមេរិក និង NORAD ដែលគាំទ្រការងារនេះតាំងពីឆ្នាំ២០១៣។
តំណាងអង្គការ NPA បានឲ្យដឹងថា អង្គការបានជួយបោសសម្អាតលើផ្ទៃដីជាង ៤០ គីឡូម៉ែត្រការ៉េ រកឃើញ និងកំទេចគ្រាប់បែកចង្កោមជាង ៦,០០០ គ្រាប់ ហើយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣ម៉ឺននាក់។
កម្ពុជានឹងចូលរួមកិច្ចប្រជុំអន្តរជាតិនៅប្រទេសឡាវ ខែកញ្ញា ២០២៦ ដើម្បីចែករំលែកបទពិសោធន៍ និងអំពាវនាវឲ្យពិភពលោករួមគ្នាបញ្ចប់គ្រាប់បែកចង្កោម៕
អត្ថបទ៖ ចតុម្មុខ

