យោងតាមការបញ្ជាក់របស់ឯកឧត្តម កែវ រ៉េមី លើបណ្តាញសង្គម Facebook កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨។

ក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ លើសបេក្ខភាព ២ប្រទេសទៀត (អ៊ុយស្បេគីស្ថាន និងកៀគីស្ថាន) ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ (12th Asian Taekwon-Do Championship)។

ការទទួលបានទំនុកចិត្តពេញទំហឹងនេះ ដោយសារបណ្តាប្រទេសក្នុងតំបន់អាស៊ីបានឃើញយ៉ាងច្បាស់ពីភាពជោគជ័យ និងសមត្ថភាពរៀបចំកម្រិតខ្ពស់របស់កម្ពុជា កាលពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក។

ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមតែជាមោទនភាពជាតិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង៕

Share.