ភ្នំពេញ៖ ជនបរទេសម្នាក់ និងជនជាតិខ្មែរបួននាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ ពាក់ព័ន្ធនឹងការដកហូតគ្រឿងញៀន និងកញ្ឆាជិត ២០គីឡូក្រាម។

លោក ឆាយ ហុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ខណៈកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥ករណី នៅរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ និងជនសង្ស័យជាច្រើននាក់ផ្សេងទៀត ព្រមទាំងដកហូតមេតំហ្វេតាមីន កេតាមីន ប្រហែល៧គីឡូក្រាម និងកញ្ឆាជាង១០គីឡូក្រាម សរុបជិត២០គីឡូក្រាម រួមទាំងដាវ និងកាំបិតកែច្នៃមួយចំនួន។

តាមរបាយការណ៍ ក្រុមជនសង្ស័យបានយកកញ្ឆាមកកែច្នៃជាផលិតផលផ្សេងៗ ដូចជា ដំណាប់ផ្លែឈើ ចាហួយ និងសូកូឡា ដើម្បីបង្កើតក្លិន និងរសជាតិផ្សេងៗ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងជួញដូរ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងហ្គេម JOKER ដែលមានការប្រមូលផ្តុំដោយក្រុមជនទំនើង។ ក្រោយប្រើប្រាស់គ្រឿងញៀន ក្រុមទាំងនេះត្រូវបានរាយការណ៍ថា បានបង្កអំពើហិង្សា អុកឡុក និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ បង្កការភ័យខ្លាចក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.