ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើកំណត់សម្គាល់ថា បច្ចុប្បន្នមាននិន្នាការជំរុញបរិវត្តកម្មចំនួន៣ ដ៏សំខាន់ ដែលកំពុងជះឥទ្ធិពល និងផ្លាស់ប្តូរមុខមាត់វិស័យសាធារណៈនៅទូទាំងពិភពលោក។

ការគូសរំលេចនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក៣ (ACCSM+3) ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅខេត្តសៀមរាប។


ថ្លែងទៅកាន់អង្គពិធី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយលម្អិតអំពីនិន្នាការគន្លឹះទាំង៣ ដែលស្ថាប័នរដ្ឋបាលសាធារណៈបណ្តាប្រទេសនានាកំពុងជួបប្រទះ៖
១. ការរំពឹងទុករបស់ប្រជាពលរដ្ឋកាន់តែខ្ពស់៖ ប្រជាពលរដ្ឋមានការរំពឹងចង់បានសេវាសាធារណៈដែលមានភាពឆ្លើយតបខ្ពស់ ងាយស្រួលទទួលបាន ប្រកបដោយតម្លាភាព និងភាពជឿទុកចិត្ត ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសុចរិតភាព សីលធម៌វិជ្ជាជីវៈ និងសមធម៌។
២. បរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៖ រដ្ឋាភិបាលជាច្រើនកំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្អែកលើទិន្នន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ ការផ្លាស់ប្តូរនេះទាមទារឱ្យមន្ត្រីរាជការអភិវឌ្ឍសមត្ថភាពឌីជីថល ចេះប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ ប្រកបរដោយបរិយាបន្ន និងគណនេយ្យភាព។
៣. ការប្រកួតប្រជែងក្នុងការទាក់ទាញធនធានមនុស្ស៖ ស្ថាប័នសាធារណៈកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីវិស័យឯកជន ក្នុងការទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យខ្ពស់។ ហេតុនេះ ស្ថាប័នសាធារណៈចាំបាច់ត្រូវធ្វើទំនើបកម្មប្រព័ន្ធជ្រើសរើសមន្ត្រីដោយផ្អែកលើគុណធិបតេយ្យ រៀបចំមធ៌មគតិវិជ្ជាជីវៈដែលមានភាពបត់បែន និងរញ៉េរញ៉ៃជំរុញការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្ត្រ។
ជាមួយគ្នានេះ សម្ដេចធិបតីបានសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធផលនៃផែនការសកម្មភាព ACCSM និង ACCSM+3 ឆ្នាំ២០២១-២០២៥ ព្រមទាំងការរៀបចំផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០២៦-២០៣០ និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ានបូក៣ និងដៃគូសន្ទនា ដើម្បីប្រែក្លាយឯកសារក្របខ័ណ្ឌទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង។ លើសពីនេះ កម្ពុជាបានសម្តែងនូវមោទនភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេននៃ «បណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន» (ASEAN Resource Centers – ARC) សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ ដោយបានប្រគល់ភារកិច្ចជូន សាលាភូមិន្ទរដ្ឋបាល ធ្វើជាស្ថាប័នទទួលខុសត្រូវដឹកនាំការងារនេះឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា៕

