ការចេញមុខបដិសេធទាំងងងើលរបស់កងទ័ពភូមិន្ទថៃ ប្រឆាំងនឹងរបាយការណ៍បេសកកម្មរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tomas Andrews បាននិងកំពុងស្តែងឲ្យឃើញកាន់តែច្បាស់ពីយុទ្ធសាស្ត្រលាងដៃ បង្វែរដាន និងទម្លាក់កំហុសមកលើកម្ពុជា ដើម្បីបិទបាំងអំពើឈ្លានពាន និងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលខ្លួនបានបង្កឡើងនៅតាមបណ្តោយព្រំដែន។

ឆ្លើយតបទៅនឹងរបាយការណ៍ស្វែងរកការពិតរបស់តំណាងអង្គការសហប្រជាជាតិ ក្រោយចុះសង្កេតការណ៍ផ្ទាល់នៅកម្ពុជា កងទ័ពថៃបានសម្តែងនូវភាពក្រអឺតក្រទមដោយចោទប្រកាន់កម្ពុជាថាជាអ្នកផ្តើមជម្លោះនិងបានប្រើប្រាស់លេស ការពារខ្លួន ដើម្បីគ្របដណ្តប់លើការវាយប្រហារប្រដាប់អាវុធដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។ ការអះអាងរបស់ភាគីថៃដែលថា ខ្លួនគ្រាន់តែ ផ្លាស់ទីលំនៅប្រជាពលរដ្ឋដើម្បីជៀសវាងគ្រោះថ្នាក់នោះ គឺជាការប្រឌិតពាក្យពេចន៍ដើម្បីបិទបាំងការពិតនៃការផ្លាស់ប្តូរទីលំនៅពលរដ្ឋកម្ពុជាដោយបង្ខំ និងការបន្តរារាំងប្រជាពលរដ្ឋកម្ពុជាមិនឲ្យវិលត្រឡប់ទៅកាន់ភូមិដ្ឋានដើមវិញបាន។
លើសពីនេះ ភាគីថៃបានព្យាយាមបន្ទុចបង្អាក់ និងកាត់បន្ថយតួលេខជនភៀសសឹកកម្ពុជា ដោយបង្ហាញរបាយការណ៍ប្រឌិតគ្មានមូលដ្ឋានច្បាស់លាស់ថា មានប្រជាជនត្រឹមតែ ៤,៦៩០ នាក់ប៉ុណ្ណោះដែលរៀបរាប់ក្នុងតំបន់មួយចំនួន ហើយបានចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅលើទឹកដីដូនតាខ្លួនឯង ថាជាអ្នករំលោភបំពានខុសច្បាប់អស់រយៈពេលជាង ៤០ ឆ្នាំទៅវិញ។ សភាពការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនាលុបបំបាត់អត្តសញ្ញាណ និងប្រវត្តិសាស្ត្រនៃការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនយ៉ាងពិតប្រាកដ។
ទាក់ទិននឹងការចាកចេញរបស់ពលករកម្ពុជាជិត ១ លាននាក់ ភាគីថៃបានបដិសេធការទទួលខុសត្រូវដោយអះអាងថាជាការស្ម័គ្រចិត្តត្រឡប់ទៅវិញ។ ប៉ុន្តែការពិតជាក់ស្តែងដែលប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអន្តរជាតិបានកត់ត្រា គឺការភ័យខ្លាច ការរងសម្ពាធ ការប្រមាថ ការប្រើហិង្សានិងបរិយាកាសអសន្តិសុខដែលបង្កឡើងដោយចំណាត់ការរបស់អាជ្ញាធរថៃ និងប្រជាជនថៃផ្ទាល់មើលពលករកម្ពុជា ដែលបានបង្ខំឱ្យពលកររាប់សែននាក់ត្រូវចាកចោលការងារទាំងស្រុងដោយបង្ខិតបង្ខំ។

ការដែលកងទ័ពថៃចេញមុខវាយប្រហារលើរបាយការណ៍របស់អង្គការសហប្រជាជាតិ និងចោទប្រកាន់អង្គការសហប្រជាជាតិថា គ្មានអព្យាក្រឹតភាព គ្រាន់តែដោយសារតែមន្ត្រីអង្គការសហប្រជាជាតិថ្លែងការណ៍ផ្អែកលើភស្តុតាងជាក់ស្តែង និងការរៀបរាប់ពីទុក្ខវេទនាពិតរបស់ជនរងគ្រោះកម្ពុជា បានស្តែងឱ្យឃើញថារដ្ឋាភិបាល និងយោធាថៃកំពុងតែភ័យខ្លាចចំពោះការពិតដែលត្រូវបានបំបាក់មុខមាត់នៅលើឆាកអន្តរជាតិ។
ដូច្នោះហើយ ការដែលកងទ័ពថៃព្យាយាមទម្លាក់កំហុសមកលើកម្ពុជាថាជាអ្នកបំភ្លៃព័ត៌មាននិងជាអ្នកប្រើប្រាស់ទុក្ខវេទនារបស់ប្រជាជនធ្វើជាឧបករណ៍នោះ គឹមិនខុសអីពីល្បិចកលចាស់គំរិលរបស់ភាគីថៃដែលរមែងតែធ្វើដូចសព្វដងនោះទេ។ កម្ពុជាមិនចាំបាច់បំភ្លៃព័ត៌មាននោះឡើយ ព្រោះភស្តុតាងនៃការបំផ្លិចបំផ្លាញ គ្រាប់រំសេវដែលធ្លាក់លើដីកម្ពុជា ជម្រកបណ្តោះអាសន្នរបស់ជនភៀសសឹក និងរបាយការណ៍ផ្លូវការរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានក្លាយជាសាក្សីរស់ដែលជួយបញ្ជាក់ការពិតយ៉ាងច្បាស់ថា ភាគីថៃគឺជាអ្នកបង្ក និងជាអ្នករំលោភបំពានអធិបតេយ្យភាព និងសិទ្ធិមនុស្សយ៉ាងពិតប្រាកដណាស់៕

