នាយកណ្ដុរ អនុទិន ឆានវីរៈកុល បានឡើងថ្លែងនៅលើវេទិកានៃទីស្នាក់ការកណ្តាលអាស៊ាន ក្នុងក្រុងហ្សាកាតា ចំនួន ៣ ចំណុចសំខាន់ៗដែលត្រូវលើកស្ទួយភាពទុកចិត្ត និងស្ដារទំនុកចិត្តតំបន់ ជាពិសេសការស្ដារទំនាក់ទំនងឡើងវិញជាមួយកម្ពុជា។ ប៉ុន្តែសេចក្ដីថ្លែការណ៍របស់នាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាយុទ្ធសាស្ត្រសម្ដែងយកមុខមាត់ការទូតលើឆាកអន្តរជាតិ ដើម្បីបង្វែរការចាប់អារម្មណ៍ពីអំពើឈ្លានពាន និងការរំលោភអធិបតេយ្យភាពកម្ពុជាដែលកងទ័ពថៃបានបង្កឡើងយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកតែប៉ុណ្ណោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍នាទីស្នាក់ការអាស៊ាន នាយករដ្ឋមន្ត្រីថៃរូបនេះបានព្យាយាមសម្ដែងយកមុខ និងធ្វើខ្លួនដូចជាតួអង្គនាំមុខនៅក្នុងតំបន់ ក្នុងការស្ដារសន្តិភាព និងឯកភាពគ្នាក្នុងតំបន់តាមរយៈការលើកឡើងអំពីយន្តការ ៣ ចំណុច រួមមាន​៖ ការពង្រឹងតំបន់និយមឱ្យកាន់តែរឹងមាំ ការបង្កើតភាពធន់ និងការត្រៀមលក្ខណៈរង់ចាំការប្រែប្រួល និងការធ្វើឱ្យអាស៊ានមានតម្លៃ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងយូរអង្វែង។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងទាំងការអះអាងថា កម្ពុជានិងថៃបានយល់ព្រមស្តារទំនុកចិត្ត និងបើកផ្លូវឱ្យមានការចរចាពហុភាគី។ ប៉ុន្តែភាពផ្ទុយគ្នាយ៉ាងស្រឡះរវាង សម្ដីផ្អែមល្ហែមតាមវេទិកាការទូតនិង សកម្មភាពពិតជាក់ស្តែងនៅតាមខ្សែបន្ទាត់ព្រំដែន គឺជាភស្តុតាងដែលមិនអាចប្រកែកបាន។

សម្រាប់ភាគីកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ ប៉ុន្តែការដែលភាគីថៃព្យាយាមប្រើប្រាស់ពាក្យស្ដារទំនុកចិត្តនោះគ្រាន់តែជាល្បិចកលលុបលាងកំហុស និងជៀសវាងការទទួលខុសត្រូវចំពោះការរំលោភបំពានអធិបតេយ្យភាពកម្ពុជា។ មែនទែនទៅ ភាគីថៃទៅវិញទេដែលប្រើប្រាស់កម្លាំងយោធាវាយប្រហារចូលទឹកដីកម្ពុជា បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងជីវិតប្រជាពលរដ្ឋស្លូតត្រង់។ មិនតែប៉ុណ្ណោះ ក្រោមបទឈប់បាញ់បានចូលជាធរមាន យោធាថៃនៅបន្តដាក់របាំង សំបក់កង់ឡាន លួសបន្លា និងកុងតឺន័រ ដើម្បីរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។

បើទោះបីជាមេដឹកនាំថៃព្យាយាមអះអាងអំពីប្រវត្តិសាស្ត្រ ៥៩ ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាននៅលើវេទិកាយ៉ាងណាក្ដី នោះមិនអាចយកមកបិទបាំង ទង្វើឈ្លានពានជាក់ស្តែងដែលខ្លួនបានសាងឡើងមកលើប្រទេសជិតខាងបានឡើយ។ ប្រសិនបើភាគីថៃមានឆន្ទៈពិតប្រាកដក្នុងការស្តារទំនុកចិត្តពិតប្រាកដ និងចង់ស្ដាទំនាក់ទំនងឡើងវិញជាមួយកម្ពុជាមែនទែន ថៃមិនគួរណាគេចវេសពីតុចចាររបស់ JBC ឡើយ ម្លេះសមតែថៃបញ្ឈប់សកម្មភាពកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បញ្ឈប់ជាបន្ទាន់នូវអំពើកៀបសង្កត់តាមព្រំដែន ដកហូតឧបករណ៍រារាំងពលរដ្ឋកម្ពុជាមិនឱ្យវិលចូលលំនៅដ្ឋាន និងទទួលស្គាល់ការពិតនៃការខូចខាតដែលខ្លួនបានបង្កឡើង ជំនួសឱ្យការប្រើប្រាស់វេទិកាអាស៊ានធ្វើជាឆាកសម្តែងធ្វើជាស្រឡាញ់ចង់បានសន្តិភាពនៅលើឆាកអន្តរជាតិ៕

Share.