ឧត្តរមានជ័យ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ដោយដាច់ជើងស្តាំ បន្ទាប់ពីចូលព្រៃដើរដកផ្សិត ហើយជាន់ចំគ្រាប់មីន ដែលនៅសេសសល់ពីសម័យសង្គ្រាម កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅតំបន់ជិតទីតាំងប្រវត្តិសាស្ត្រ យោធាតាទុំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។



ជនរងគ្រោះមានឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅក្នុងតំបន់កើតហេតុខាងលើ។
តាមការបញ្ជាក់ពីអាជ្ញាធរ ស្ត្រីរងគ្រោះបានជាន់ប៉ះគ្រាប់មីនប្រឆាំងមនុស្សប្រភេទ GYATA-64 បណ្តាលឱ្យផ្ទុះ និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុ កម្លាំងស៊ីម៉ាក់ កម្លាំងសឹករង និងអាជ្ញាធរ បានជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។
អាជ្ញាធរបានបញ្ជាក់ថា តំបន់ខាងលើនៅតែមានសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្គ្រាមនៅទសវត្សរ៍ឆ្នាំ៨០ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលទៅកាន់តំបន់មិនស្គាល់ច្បាស់ ឬតំបន់សង្ស័យថាមានមីន ដើម្បីជៀសវាងគ្រោះថ្នាក់ដ៏អាក្រក់៕
អត្ថបទ៖ តាតុងសែនជ័យ

