មណ្ឌលគិរី៖ អាជ្ញាធរស្រុកកែវសីមា បានចុះពិនិត្យស្ថានភាពស្ពានប៉ោដើមស្វាយ ដែលបានបាក់ស្រុតទាំងស្រុង ចូលទៅក្នុងទឹកអូរ ស្ថិតនៅភូមិអូរច្រារ ឃុំស្រែព្រះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។


ការចុះពិនិត្យនេះ ដឹកនាំដោយលោក ម៉ី ស៊ីណាត អភិបាលរងស្រុក តំណាងអភិបាលស្រុក ដោយលទ្ធផលបង្ហាញថា ស្ពានមិនបានបាក់ដោយសារជំនន់ទឹកភ្លៀងនោះទេ ប៉ុន្តែបណ្ដាលមកពីឈើកល់ក្បាលស្ពានមានអាយុកាលយូរ និងពុកផុយ បណ្តាលឱ្យស្រុតធ្លាក់ចូលបាតអូរ។
ស្ពាននេះមានប្រវែងប្រមាណ ៤០ម៉ែត្រ ហើយការខូចខាតមានទំហំធំ មិនអាចជួសជុលឡើងវិញដោយប្រើឈើបានទៀតទេ ត្រូវការថវិកាច្រើនសម្រាប់សាងសង់ថ្មី។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់ អាជ្ញាធរបានគ្រោងសាងសង់ស្ពានយោលបណ្ដោះអាសន្ន សម្រាប់ម៉ូតូ និងប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស និងអ្នកជំងឺឆ្លងកាត់ប្រចាំថ្ងៃ។
សម្រាប់ការសាងសង់ស្ពានយោលនេះ ត្រូវការថវិកាប្រមាណពី ៥ ទៅ ៦ លានរៀល ដើម្បីទិញសម្ភារចាំបាច់ ដូចជា ខ្សែកាប និងឧបករណ៍ផ្សេងៗ៕
អត្ថបទ៖ ចតុម្មុខ

