កំពង់ស្ពឺ៖ រថយន្តមួយគ្រឿងម៉ាក Toyota Camry បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២ និង២០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។


តាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា រថយន្តខាងលើមានពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ហើយនៅពេលកើតហេតុ មិនមានអ្នកបើកបរ ឬម្ចាស់រថយន្តនៅកន្លែងកើតហេតុនោះទេ ដោយរថយន្តត្រូវបានចតទុកចោលនៅខាងត្បូងផ្លូវ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍។ ហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ ប៉ុន្តែរថយន្តត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង។
បច្ចុប្បន្ន មូលហេតុនៃការឆេះ កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច៕
អត្ថបទ៖ ចតុម្មុខ

