រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិចំនួន ៣ នៅតាមបណ្តោយព្រំដែនខ្មែរ និង ថៃ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។
កាលពីខែមករា ឆ្នាំ ២០២៦ អង្គការ លីកាដូ ធ្លាប់បង្ហាញការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ដែលឋិតនៅក្នុងភូមិ ជោគជ័យ តំបន់បឹងត្រកួន និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ។ កងកម្លាំងយោធាថៃបានឈូសឆាយផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ភ្លាមៗក្រោយពេលដែលមានកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ។ ការព្រួយបារម្ភទាំងនោះ ត្រូវបានលើកឡើង ដោយផ្អែកលើរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency’s Sentinel-2) ។
ឥឡូវនេះ យើងទទួលបានរូបភាពថ្មីជាច្រើនសន្លឹក ដែលមានគុណភាពច្បាស់ជាងមុន ក្រោយពេលដែលផែនទីរបស់ក្រុមហ៊ុនអេបផល (Apple Maps) ត្រូវបានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀត កាលពីខែមីនា ឆ្នាំ២០២៦ ។ ការធ្វើបច្ចុប្បន្នភាពរបស់ផែនទីក្រុមហ៊ុនអេបផល បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ផ្ទះសម្បែងរាប់រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀត ត្រូវបានឈូសបំផ្លាញក្នុងរយៈពេលជាច្រើនខែមកនេះ នៅក្នុងតំបន់មួយចំនួននៃភូមិទាំងបីនេះ ដែលកំពុងគ្រប់គ្រងដោយភាគីថៃ រាប់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តមក ។
អង្គការ លីកាដូ នឹងធ្វើការផ្សព្វផ្សាយរូបភាពជាច្រើនសន្លឹកពីផ្កាយរណប ដែលបង្ហាញពីភូមិទាំងបី ដោយមិនបង្ហាញខ្សែបន្ទាត់ព្រំដែនដែលប្រទេសទាំងពីរទាមទារនោះទេ ។
ភូមិជោគជ័យ ៖ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ២៧០ ត្រូវបានឈូសបំផ្លាញ

ភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ជាភូមិមួយដែលមានប្រជាពលរដ្ឋខ្មែរកាន់កាប់ និងរស់នៅជាបន្តបន្ទាប់អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ។ រូបភាពពីផ្កាយរណប ដែលអាចរកបានជាសាធារណៈ បានបង្ហាញថា តំបន់នេះមានប្រជាពលរដ្ឋខ្មែររស់នៅយ៉ាងតិចណាស់ចាប់ពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយអ្នកភូមិមួយចំនួននៅតំបន់នេះ បានអះអាងថាបានមករស់នៅតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ។ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១៩ ភូមិជោគជ័យ មានប្រជាពលរដ្ឋរស់នៅចំនួន ២.៥៨៦ នាក់ ស្មើនឹង ៦៣១ គ្រួសារ ។
តំបន់បឹងត្រកួន ៖ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ២៩៩ ត្រូវបានឈូសបំផ្លាញ

តំបន់បឹងត្រកួន គឺជាតំបន់មួយដែលមានមនុស្សរស់នៅយ៉ាងច្រើន ក្នុងខេត្តបន្ទាយមានជ័យ ។ ផ្ទះសម្បែងរាប់រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា មន្ទីរពេទ្យ ជាដើម ត្រូវបានភាគីថៃគ្រប់គ្រង ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។
ភូមិព្រៃចាន់ ៖ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ៥៨ ត្រូវបានឈូសបំផ្លាញ

ភូមិព្រៃចាន់ ជាភូមិមួយក្នុងខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋខ្មែររាប់សិបគ្រួសារ និងមានផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរតាំងនៅ រាប់សិបខ្នង ។ បច្ចុប្បន្នភូមិនេះត្រូវបានគ្រប់គ្រងដោយភាគីថៃ ហើយផ្ទះសម្បែងនៅក្នុងភូមិ ត្រូវបានឈូសបំផ្លាញចោល ។***
ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយអាជ្ញាធររដ្ឋដែលគ្រប់គ្រងនៅទីនោះ (លើកលែងតែករណីចាំបាច់បំផុតផ្នែកយោធា) គឺត្រូវបានហាមឃាត់ ដោយយោងតាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ទី៤ ។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្តេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទិ្ធរបស់ជនណា ឬប្រទេសណាក៏ដោយ ។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា លោក Tom Andrews បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ថា ៖ “យោងតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ មានសិទិ្ធត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ”។
អង្គការ លីកាដូ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ទៅដល់អាជ្ញាធរនៃប្រទេសថៃ សូមបញ្ឈប់ជាបន្ទាន់ នូវការឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងភូមិទាំងអស់ ដែលខ្លួនកំពុងគ្រប់គ្រង ទោះបីជាតំបន់គ្រប់គ្រងទាំងនោះត្រូវបានអះអាងថានៅក្នុងដែនអធិបតេយ្យរបស់ប្រទេសណាក៏ដោយ ។ ផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល មិនត្រូវក្លាយជាគោលដៅ ឬកន្លែងដែលត្រូវបំផ្លិចបំផ្លាញក្នុងជម្លោះព្រំដែននោះទេ ហើយការដោះស្រាយសំណងចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវតែត្រូវបានគិតគូរ ។
យើងខ្ញុំក៏នៅតែបន្តអំពាវនាវ និងលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ត្រូវធានាថា ប្រជាពលរដ្ឋដែលមកពីតំបន់ទាំងនេះ ទទួលបានកន្លែងស្នាក់នៅសមរម្យ ខណៈពេលដែលពួកគេបន្តភៀសសឹកចាកចេញពីលំនៅឋានរបស់ពួកគេ ឱ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ៕
ប្រភព៖ licadho-cambodia

