កំពង់ស្ពឺ៖ តាមការចាត់តាំងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បាននាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពី១៤៩ភូមិ ក្នុងឃុំទាំង១៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។




ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។




លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយបរិភោគអាហារដែលមានសុវត្ថិភាព កាត់បន្ថយការបរិភោគផ្អែម ប្រៃ និងខ្លាញ់លើសកម្រិត ព្រមទាំងដាំបន្លែ និងផ្លែឈើនៅជុំវិញផ្ទះ ដើម្បីបង្កើនសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។




គ្រួសារនីមួយៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដប ទឹកបរិសុទ្ធ១កេស ឃីត១ ថវិកាមួយចំនួន និងសារុងដែលជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។
