ពោធិ៍សាត់៖ ជាលើកដំបូង កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុត ដោយចាប់ផ្តើមវិនិយោគលើផ្ទៃដីចំនួន ១,០០០ ហិកតា ក្នុងទឹកដីខេត្តពោធិ៍សាត់។ ការសម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពិធីចុះ​ MOU រវាងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគដ៏ធំមួយនៅស្រុកវាលវែង ជាមួយ​​ក្រុមហ៊ុនផលិតទឹកដោះគោយក្សរបស់ម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) កាល​ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ថ្លែង​ក្នុង​ពិធីចុះ MOU ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការវិនិយោគជាមួយក្រុមហ៊ុនផលិតទឹកដោះគោយក្សរបស់ម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគដ៏ធំមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ FARM FRESH PURSAT សម្រាប់អភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ​ និងបង្កើតរោងចក្រ។

ឯកឧត្តមបានបញ្ជាក់ថា៖ «តាមរយៈការវិនិយោគដ៏ធំនេះ ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្រថ្មីរបស់ខេត្ត​ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា»។

លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. បានថ្លែងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាជួលដីវិនិយោគនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែសីហា ថា ក្រុមហ៊ុន FARM FRESH (PURSAT) នឹងវិនិយោគទុនសរុបចំនួន ៦៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ។

លោកស្រីបានបន្ថែមថា៖ «ក្រោមការខិតខំលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមហ៊ុន សូណាវីត បានខិតខំស្វែងរកដៃគូសហការដើម្បីបង្កើតកសិដ្ឋាន និងរោងចក្រនៅក្នុងខេត្តពោធិ៍សាត់»។

លោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Berhad Malaysia ក៏បានលើកឡើងដែរថា ក្រុមហ៊ុនរបស់លោកមានសេចក្តីរីករាយក្នុងការវិនិយោគនៅខេត្តពោធិ៍សាត់ ដោយសារទទួលបានការលើកទឹកចិត្ត និងការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។

លោកបានបន្ថែមថា៖ «ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក»៕

Share.