សារព័ត៌មាន VN Express បានចេញផ្សាយនាពេលថ្មីៗនេះថា ប្រទេសវៀតណាមបានឡើងមកកាន់កាប់តំណែងជាទីផ្សារអាកាសចរណ៍ធំជាងគេទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជំនួសប្រទេសថៃ ដោយសម្រេចបានសមត្ថភាពដឹកជញ្ជូនរហូតដល់ ៧,៤ លានកៅអី នៅក្នុងខែកក្កដា ជាមួយនឹងអត្រាកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ល្បីឈ្មោះរបស់អង់គ្លេស OAG។

តាមប្រភពដដែល បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី នៅតែបន្តរក្សាតំណែងជាទីផ្សារអាកាសចរណ៍ធំជាងគេបង្អស់នៅក្នុងតំបន់ ដោយមានចំនួន ១០,៩ លានកៅអី កើនឡើង ០,៣%។ ដោយឡែក ប្រទេសថៃ ដែលធ្លាប់ឈរនៅចំណាត់ថ្នាក់លេខពីរនាពេលកន្លងមក បានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខបីវិញ ដោយសារសមត្ថភាពដឹកជញ្ជូនបានថយចុះ ៣% មកត្រឹម ៦,៩ លានកៅអី ខណៈដែលប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ឈរនៅចំណាត់ថ្នាក់បន្ទាប់។
ការធ្លាក់ចុះនៃសមត្ថភាពដឹកជញ្ជូនតាមអាកាសនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន ត្រូវបានគេកត់សម្គាល់ថា បណ្តាលមកពីផលប៉ះពាល់នៃវិបត្តិប្រដាប់អាវុធ និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលបានរុញច្រានឱ្យតម្លៃប្រេងឥន្ធនៈហោះហើរកើនឡើងយ៉ាងគំហុក។ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក្នុងតំបន់ កាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់។

ផ្អែកលើទិន្នន័យ OAG សមត្ថភាពដឹកជញ្ជូនសរុបនៃទីផ្សារអាកាសចរណ៍នៅអាស៊ីអាគ្នេយ៍ ក្នុងខែកក្កដា បានថយចុះ ១,២% បើធៀបនឹងគ្រាដូចគ្នានៃឆ្នាំមុន ដោយធ្លាក់មកត្រឹម ៥០,៤ លានកៅអី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines របស់វៀតណាម បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅក្នុងតំបន់សម្រាប់ខែកក្កដា ដោយផ្តល់សមត្ថភាពដឹកជញ្ជូនរហូតដល់ ២,៨១ លានកៅអី ពោលគឺមានកំណើន ០,១% បើប្រៀបធៀបនឹងឆ្នាំមុន៕

