សៀមរាប៖ ផ្ទះរបស់គ្រូបង្រៀនម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាតសម្ភារនៅខាងក្នុងអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង អាជ្ញាធរ និងសមត្ថកិច្ច ដែលបានចុះអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គិភ័យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សួរ វ៉ាន់ស៊ី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅផ្ទះកើតហេតុ។

ផ្ទះដែលរងការឆាបឆេះ សាងសង់ពីឈើលើ ថ្មក្រោម មានទំហំ ៥ម៉ែត្រ x ៥ម៉ែត្រ ហើយរងការខូចខាតសម្ភារនៅខាងក្នុងអស់ទាំងស្រុង។ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរខាង អាជ្ញាធរ និងសមត្ថកិច្ច បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បីបាញ់ទឹកពន្លត់ភ្លើង រហូតអាចគ្រប់គ្រងស្ថានការណ៍បាន។

ចំពោះមូលហេតុនៃអគ្គិភ័យ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បើទោះបីជាមានការសង្ស័យថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនីក៏ដោយ។

អត្ថបទ៖តាតុងសែនជ័យ

Share.