មូលហេតុនៃការបង្កើតក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រោមចក្ខុវិស័យ “កីឡា មិត្តភាព សប្បុរសធម៌” ទើបយើងតែងតែប្រកួតមិត្តភាព ហើយជាពិសេសគឺផ្តោតលើការងារសប្បុរសធម៌។ នេះជាការលើកឡើង ឯកឧត្តម គួច វែងស្រ៊ុន ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ UYFC All-Star ក្នុងពិធីជួបជុំមុនប្រកួតបាល់ទាត់សប្បុរសធម៌សម្រាប់ព្រឹត្តិការណ៍ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅអគារ The Kampus ។

ឯកឧត្តម គួច វែងស្រ៊ុន បានមានប្រសាសន៍ថា៖ កន្លងទៅបងប្រធានតែងតែរៀបចំកម្មវិធីជាច្រើនសម្រាប់ជួរក្រោយភ្ជាប់ជាមួយជួរមុខ។ អញ្ចឹងហើយបានជាលោកនឹកឃើញទៅដល់អ្នកភូមិរង់ចាំ ព្រោះលោកទទឹងចង់ទៅហ្នឹងច្រើនដងហើយ។ ហើយជាពិសេស គឺគាត់តែងតែនឹករលឹកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ភូមិរង់ចាំ ហើយក៏ដូចជាខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ក៏នឹករលឹកដូចគ្នា។ អញ្ចឹងយើងគ្រោងរៀបចំកម្មវិធីប្រកួតមួយគឺនៅថ្ងៃទី ១១ ខែសីហា នៅខេត្តកំពង់ស្ពឺ និងប្រកួតមួយទៀតគឺនៅថ្ងៃទី ២៩ ខែសីហា ខាងមុខនេះ នៅស្តាតចាស់ ដើម្បីប្រកួតសប្បុរសក្នុងការប្រមូលថវិកាជូនទៅដល់អ្នកភូមិរង់ចាំ។

ឯកឧត្តម បញ្ជាក់ថា ការប្រកួតនេះ គឺជាការប្រកួតសប្បុរសធម៌ដំបូងបង្អស់របស់យើង ក្នុងព្រឹត្តិការណ៍ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ហើយបងប្អូនទាំងអស់គ្នា អាចចូលរួមផ្ញើក្តីនឹករឮក សារបេះដូងដ៏កក់ក្តៅ និងការចែករំលែករបស់យើង ជូនដល់បងប្អូននៅភូមិរង់ចាំ ដើម្បីផ្សារភ្ជាប់អារម្មណ៍ និងក្តីស្រឡាញ់នៃមហាគ្រួសារខ្មែរ ហើយយើងទាំងអស់តែងតែរួបរួមសាមគ្គីជាមួយគ្នាគ្រប់កាលៈទេសៈ។

ការរៀបចំកិច្ចប្រជុំស្ដីពីកម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» តាមរយៈកម្មវិធីអម និងសកម្មភាពសំខាន់ៗមួយចំនួន ពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា និងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ជាគោលដៅរួមគ្នាបង្កើតកម្មវិធីបាល់ទាត់បេះដូងសប្បុរសដើម្បី រៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់តែម្ដងនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

គួរបញ្ជាក់ថា កម្មវិធីចុះទៅជួបផ្ទាល់ជាមួយ អ្នកភូមិរង់ចាំ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមបាល់ទាត់សប្បុរសធម៌ និងសាធារណៈជនដែលចង់ចូលរួម នឹងទៅស្នាក់នៅក្នុងភូមិមួយថ្ងៃដំបូង បែបទេសចរណ៍ Homestay បន្ទាប់មកថ្ងៃទី២ បានចាប់ផ្ដើមសកម្មភាពជួបជុំសំណេះសំណាល និងឧបត្ថម្ភថវិកា សម្ភារ ទៅតាមកម្មវិធីដែលបានគ្រោងទុក។

ដូចនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋរចង់ចូលរួម ថវិកា សម្ភារៈ សូមអញ្ជើញផ្តល់នូវការចូលរួមផ្ទាល់នៅទីស្តីការ Campus (អគារ Campus) ដែលមានទីតាំងនៅផ្លូវស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ៣០ ខែសីហា។ គោលដៅមួយទៀតគឺ ចាំទទួលថ្ងៃដែលធំគឺថ្ងៃទី ២៩ ខែសីហា អាចបងប្អូនយកទៅដល់ស្តាតចាស់តែម្តង ឬទំនាក់ទំនងតាមរយៈហ្វេសបុកផេក UYFC All Star Football និងលេខទូរសព្ទ 011 5555 95 ៕


