ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងនៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថា ការបង្កើតទំនាក់ទំនងជាមួយមេដឹកនាំកំពូលនៃប្រទេស លោក Mojtaba Khamenei នាពេលបច្ចុប្បន្ន គឺជួបប្រទះនូវផលលំបាកជាខ្លាំង។

លោក Mojtaba Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលបន្តពីឪពុករបស់លោក ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ចាប់តាំងពីពេលឡើងស្នងតំណែង​មក លោកមិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយទេ ដោយសារតែរូបលោកបានរងរបួសក្នុងអំឡុងការវាយប្រហារដ៏រញ៉េរញ៉ៃរហូតក្លាយជាសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Pezeshkian បានគូសបញ្ជាក់ថា៖ «ទោះបីជាការទាក់ទងទៅកាន់រូបលោកនាពេលនេះមានភាពលំបាកយ៉ាងណាក៏ដោយ ក៏វត្តមានរបស់លោកនៅតែជាប្រភពកម្លាំងចិត្តដ៏រឹងមាំសម្រាប់ជំរុញឱ្យការងារបន្តទៅមុខ​ទៀត»។

គួររំលឹកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការទាក់ទងជាមួយលោក Mojtaba Khamenei គឺអាចធ្វើទៅបានតែតាមរយៈសេចក្ដីថ្លែងការណ៍សរសេរដោយដៃប៉ុណ្ណោះ។ ការអវត្តមាន ​និង​មិនបង្ហាញខ្លួនជាសាធារណៈរបស់មេដឹកនាំរូបនេះ ចំពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយសហរដ្ឋអាមេរិក បានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីកម្រិតនៃការទំនាក់ទំនងរវាងរូបលោក និងក្រុមមន្ត្រីជាន់ខ្ពស់ដទៃទៀតនៅក្នុងជួររដ្ឋាភិបាលអ៉ីរ៉ង៕

Share.