
ខ្សែបម្រើ Pedri Gonzalez បានក្លាយជាកីឡាករទី២ក្នុងប្រវត្តិសាស្ត្រក្លិបអ្នកមានបុណ្យ FC Barcelona បន្ទាប់ពី Lionel Messi ដែលបានឈ្នះពាន Golden Boy ថែមទាំងជាកីឡាករដំបូងគេ ដែលបានឈ្នះពាននេះជាមួយពិន្ទុច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពាន Golden Boy ពោលគឺរហូតដល់ ៣១៨ពិន្ទុ ច្រើនជាងអ្នកលេខ២ ខ្សែបម្រើប្រយុទ្ធ Bellingham របស់ក្រុម Dortmund ចំនួន១៩៩ពិន្ទុ។
កីឡាករកើតនៅឆ្នាំ២០២២ វ័យ១៨ឆ្នាំរូបនេះបានមកដល់ Camp Nou កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ផ្លាស់ចេញពីក្លិប Las Palmas ក្នុងតម្លៃ៥លានអឺរ៉ូ ជាមួយកុងត្រារយ:ពេល៥ឆ្នាំ ចំពោះរដូវកាលដំបូងរបស់គាត់នៅ FC Barcelona បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់។
នៅក្នុងរដូវកាល ២០១៩/២០ Pedri បង្ហាញខ្លួននៅក្នុងក្របខណ្ឌ Laliga បូករួមជាមួយពានរង្វាន់ Euro2020 និងព្រឹត្តិការណ៍ Olympics នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សរុប៧៣ប្រកួតច្រើនជាងកីឡាករណាៗទាំងអស់នៅតំបន់អុឺរ៉ុប។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះអ្នកឈ្នះ Golden Boy ចាប់តាំងពីឆ្នាំ២០០៣៖
– Rafael van der Vaart ឈ្នះក្នុងឆ្នាំ២០០៣
– Wayne Rooney ឈ្នះក្នុងឆ្នាំ២០០៤
– Lionel Messi ឈ្នះក្នុងឆ្នាំ២០០៥
– Cesc Fàbregas ឈ្នះក្នុងឆ្នាំ២០០៦
– Sergio Agüero ឈ្នះក្នុងឆ្នាំ២០០៧
– Anderson ឈ្នះក្នុងឆ្នាំ២០០៨
– Alexandre Pato ឈ្នះក្នុងឆ្នាំ២០០៩
– Mario Balotelli ឈ្នះក្នុងឆ្នាំ២០១០
– Mario Götze ឈ្នះក្នុងឆ្នាំ២០១១
– Isco ឈ្នះក្នុងឆ្នាំ២០១២
– Paul Pogba ឈ្នះក្នុងឆ្នាំ២០១៣
– Raheem Sterling ឈ្នះក្នុងឆ្នាំ២០១៤
– Anthony Martial ឈ្នះក្នុងឆ្នាំ២០១៥
– Renato Sanches ឈ្នះក្នុងឆ្នាំ២០១៦
– Kylian Mbappé ឈ្នះក្នុងឆ្នាំ២០១៧
– Matthijs de Ligt ឈ្នះក្នុងឆ្នាំ២០១៨
– João Félix ឈ្នះក្នុងឆ្នាំ២០១៩
– Erling Haaland ឈ្នះក្នុងឆ្នាំ២០២០
– Pedri ឈ្នះក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ឲ្យដឹងថាពានរង្វាន់ Golden Boy Award នេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៣ ដើម្បីផ្តល់ឲ្យកីឡាករនៅតំបន់អឺរ៉ុបណាដែលមានអាយុក្រោម២១ឆ្នាំលេងល្អជាងគេបំផុតប្រចាំឆ្នាំ ខណ:អតីតខ្សែបម្រើសញ្ជាតិហូឡង់ Rafael van der Vaart គឺជាកីឡាករដំបូងគេដែលអាចពានរង្វាន់មួយនេះបានមុនគេ៕


